យុវជនកម្ពុជាក្រុម១៥៧ ជួយបញ្ជូនយុវតីកំព្រាឪពុកម្តាយមានជំងឺឈាមសស៊ីឈាមក្រហម ទៅព្យាបាលនៅភ្នំពេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2020 ក+ ក-

ខេត្តបន្ទាយមានជ័យ ៖ យុវតី មានជំងឺឈាមសស៊ីឈាមក្រហម និងកំព្រាឪពុកម្តាយ ម្នាក់ ត្រូវបានក្រុមការងារចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងសិរីសោភ័ណ សាខាខេត្តបន្ទាយមានជ័យ នាំថវិកាឧបត្ថម្ភ និងបញ្ជូនទៅព្យាបាលខ្លួននៅរាជធានីភ្នំពេញ។

ការនាំថវិកាឧបត្ថម្ភ និងបញ្ជូនយុវតីរងគ្រោះខាងលើ ប្រព្រឹត្តទៅកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោក អ៊ុង សុខម៉ៅ ប្រធានផ្នែកទំនាក់ទំនង លោក ប៊ុន ធឿន ប្រធានផ្នែកអប់រំផ្សព្វផ្សាយ លោក អេម ពៅ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ និងដោយមានការចូលរួមពីសំណាក់លោក រ៉េន រើក ចៅសង្កាត់កំពង់ស្វាយ និងក្រុមការងារជាច្រើននាក់ទៀត ។

លោក អេម ពៅ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ បានឲ្យដឹងថា អនុវត្តតាមការអំពាវនាវរបស់ឯកឧត្តម ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ និងតាមការណែនាំរបស់ឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ធ្វើយ៉ាងណារួមគ្នាជួយសង្គ្រោះឲ្យអស់លទ្ធភាព ចំពោះយុវតីឈ្មោះ អៅ រីយ៉ា អាយុ១៩ឆ្នាំ មានទីលំនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលកំពុងមានជំងឺឈាមសស៊ីឈាមក្រហម ក្នុងដំណាក់កាលធ្ងន់ធ្ងរ និងកំព្រាឪពុកម្តាយផងនោះ ក្រុងការងាររបស់សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ រួមជាមួយលោកប្រធានទំនាក់ទំនងសាខាខេត្ត និងលោកប្រធានអប់រំផ្សព្វផ្សាយសាខាខេត្ត ព្រមទាំងលោកចៅសង្កាត់កំពង់ស្វាយ បានរួមគ្នាឧបត្ថម្ភថវិកាសរុបបានចំនួន ៦១០,០០០រៀល និង ១៤៥ដុល្លា (ហុកសិបមួយម៉ឺនរៀល និង មួយរយសែសិបប្រាំដុល្លាគត់) ជូនគ្រួសារយុវតីរងគ្រោះ និងអនុវត្តតាមបទបញ្ជាឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ឲ្យបញ្ជូនយុវតីរងគ្រោះ ទៅព្យាបាលនៅរាជធានីភ្នំពេញ ក្រុមការងារក៏បានរៀបចំបញ្ជូនយុវតីរងគ្រោះ តាមរយៈរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ទៅវិនិឆ័យបឋមនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ដើម្បីបញ្ជូនបន្ត ទៅរាជធានីភ្នំពេញ ។

គួរបញ្ចាក់ថា ដោយឃើញពីសកម្មភាពនៃការយកចិត្តរបស់ក្រុមការងារចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ ចំពោះយុវតីរងគ្រោះខាងលើ ធ្វើឲ្យប្រជាពលរដ្ឋ កើតក្តីរំភើបរំជួលចិត្តស្រក់ទឹកភ្នែក និងអរគុណចំពោះក្រុមការងារ ដែលបានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ខណៈដែលកំពុងជួបការលំបាកគ្មានទីពឹង ៕