ផ្ទុះធុងហ្គាសឆេះផ្ទះអស់ទាំងស្រុង១ខ្នង និងរងការខូចខាត១ខ្នងនៅស្រុកស្ទឹងត្រង់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2020 ក+ ក-

ខេត្តកំពង់ចាម ៖ លំនៅឋាន បងប្អូន ប្រជាពលរដ្ឋ ១ខ្នង ត្រូវ បាន អគ្គីភ័យ លេប ត្របាក់ ទាំងស្រុង និង ១ខ្នង ទៀត ត្រូវ រងការ ខូចខាត មួយ ចំហៀង ដោយ ករណី គ្រោះអគ្គីភ័យ នេះ បាន កើត មាន ឡើង កាល ពី វេលាម៉ោង ៨និង ៣០នាទី ព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិត នៅ ក្នុង ភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

សមត្ថកិច្ច បាន ឲ្យដឹងថា ករណី គ្រោះអគ្គីភ័យ នេះ បណ្ដាល ឲ្យ ឆេះផ្ទះរបស់ឈ្មោះ រូន សូកូត ភេទប្រុស អាយុ៤៥ឆ្នាំ ជាតិខ្មែរឥស្លាម ប្រពន្ធឈ្មោះ សាអុីត រូហានី អាយុ២៦ឆ្នាំ មានចំនួន២ខ្នងធ្វើអំពីឈើប្រក់ក្បឿង ទំហំ ៥,៥០x៨ម៉ែត្រ ដែលបណ្តាលមកពីផ្ទុះធុងហ្គាស់(ធុងធំ) ក្នុង នោះ មាន ការ បាត់បង់ទ្រព្យសម្បត្តិរួមមាន៖ ប្រាក់ដុល្លាចំនួន២០,១៥០ដុល្លារ សហរដ្ឋអាមេរិក ប្រាក់ម៉ាឡេចំនួន២០០ ប្រាក់រៀលចំនួន៣០០,០០០រៀល និង ទ្រព្យសម្បត្តិនៅក្នុងផ្ទះមួយចំនួនទៀត។

ប្រភព បាន បន្ត ថា ករណីអគ្គិភ័យនេះ បណ្តាលអោយរាលទៅឆេះជញ្ជាំងផ្ទះអ្នកជិតខាងមានឈ្មោះ ញិប ម៉េងឃាង ភេទប្រុស អាយុ៣៩ឆ្នាំ ជាតិខ្មែរអស់មួយចំហៀង តែមិនបណ្តាលអោយប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្វីឡើយ។

សមត្ថកិច្ច បាន បញ្ជាក់ ថា ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យនេះ គឺបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ២គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងរថយន្តអធិការដ្ឋាននគរបាលស្រុកចំការលើ ដោយប្រើប្រាស់ទឹកអស់ ៣សាទែន។ ក្នុងករណី គ្រោះអគ្គីភ័យ នេះពុំមានរងរបួសដល់ម្ចាស់ផ្ទះឡើយ ៕ ដោយ ៖ ប៉ែន សុផល