សមាជិក​ព្រឹទ្ធសភា​អាមេរិក​ម្នាក់ មិន​យល់ស្រប​នឹង​ការសម្រេចចិត្ត​របស់ Trump ចេញពី WHO
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 July, 2020 ក+ ក-

​អាមេរិក ៖ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​លោក Lamar Alexander បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ថា​លោក​មិន​យល់ស្រប​នឹង​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​អាមេរិក លោក Donald Trump ក្នុងការ​ចាកចេញ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ជា​ផ្លូវការ​នោះទេ​។​

លោក Alexander ប្រធាន​គណៈកម្មការ​សុខាភិបាល​អប់រំ​ការងារ​និង​សោធន​ព្រឹទ្ធសភា​បាន​មានប្រសាសន៍ថា​“ ខ្ញុំ​មិន​យល់ស្រប​នឹង​សេចក្តីសំរេចចិត្ត​របស់​ប្រធានាធិបតី​អាមេរិក​រូបនេះ​នោះទេ ដោយ​លោក​បន្ថែមថា​ការដកខ្លួន​ចេញ WHO របស់​សហរដ្ឋអាមេរិក​នឹង​ធ្វើឱ្យ​អន្តរាយ​ដល់​ការអភិវឌ្ឍ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ និង​រារាំង​កិច្ចសហប្រតិបត្តិការ​ស​ហ​រដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​ដទៃទៀត​ដើម្បី​ទប់ស្កាត់​វីរុស​នេះ​។

​លោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​“ ប្រសិនបើ​រដ្ឋបាល​លោក Trump បាន​អនុវត្ត​ផែន​នេះ​ជាក់លាក់​សម្រាប់​ការធ្វើកំណែទម្រង់​របស់​អង្គការ​សុខភាព​ពិភពលោក គួរតែ​បញ្ជូន​អនុសាសន៍​ទាំងនោះ​ទៅ​សភា​ហើយ​យើង​អាច​ធ្វើការ​ជាមួយគ្នា​ដើម្បី​ធ្វើឱ្យមាន​ភាពប្រសើរ​ជាង​នេះ​” ។​

​សូមជម្រាបថា សហរដ្ឋអាមេរិក​នឹង​ចាក​ចេញពី​អង្គការ​សុខភាព​ពិភពលោក​នៅ​ថ្ងៃទី ៦ ខែកក្កដា​ឆ្នាំ ២០២១ ហើយ​បច្ចុប្បន្ន​អាមេរិក​កំពុង​ជំពាក់​លុយ​អង្គការ​នេះ​ជាង ២០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុងការ​រួមចំណែក​វិភាគទាន​៕