កូរ៉េខាងត្បូង ៖ អាមេរិក​មើលឃើញ​សារៈសំខាន់​នៃ​កិច្ចចរចា​ជាមួយ​កូរ៉េខាងជើង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 July, 2020 ក+ ក-

កូរ៉េខាងត្បូង ៖ ប្រទេស​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សហរដ្ឋអាមេរិក​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការបន្ត​កិច្ចពិភាក្សា​ជាមួយ​ប្រទេស​កូរ៉េខាងជើង ទោះបីជា​ប្រទេស​កូរ៉េខាងជើង​បាន​និយាយថា​ខ្លួន​គ្មាន​បំណង​វិល​ត្រឡប់មក​តុ​ចរចា​វិញ​ក៏ដោយ។​

​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​លោក Stephen Biegun ដែល​បានបញ្ចប់​កិច្ចពិភាក្សា​រយៈពេល ៣ ថ្ងៃ​នៅ​ទីក្រុង​សេ​អ៊ូ​ល​បាន​ច្រានចោល​ការរំពឹងទុក​ដែលថា​លោក​កំពុង​ស្វែងរក​ការជួប​មន្ត្រី​កូរ៉េខាងជើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ប៉ុន្តែ​បាន​និយាយថា សហរដ្ឋអាមេរិក​បាន​បើក​កិច្ចចរចា ។​

​ការិយាល័យ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​លោក Biegun បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការបើក​ការសន្ទនា​ឡើងវិញ​ជាមួយ​កូរ៉េខាងជើង​” ។​

​លោក Biegun ប្រេសិត​កំពូល​របស់​សហរដ្ឋអាមេរិក​ស្តីពី​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​កូរ៉េខាងជើង​ឲ្យ​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​បាន​ជួប​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រទេស​កូរ៉េខាងត្បូង​គឺ​លោក Suh Hoon ។ ទន្ទឹម​នោះ​លោក Biegun ក៏​គ្រោង​នឹង​មកដល់​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ផងដែរ ។​

​កូរ៉េខាងត្បូង​បាន​ព្យាយាម​លើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​សន្តិភាព ហើយ​លោក Suh បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រៀបចំ​កិច្ចប្រជុំ​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​។​

​លោក ត្រាំ និង​លោក គីម បាន​ជួបគ្នា​ជា​លើកដំបូង​នៅ​ឆ្នាំ ២០១៨ នៅ​ប្រទេស​សិង្ហ​បុរី​ដោយ​បង្កើន​ក្តីសង្ឃឹម​សម្រាប់​កិច្ចចរចា​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ។ ប៉ុន្តែ​កិច្ចប្រជុំ​កំពូល​លើក​ទី ២ របស់​ពួកគេ​ឆ្នាំ ២០១៩ នៅ​ប្រទេស​វៀតណាម និង​ក្រោយមកទៀត​ក្នុង​កិច្ចពិភាក្សា​កម្រិត​ការងារ​ត្រូវបាន​បរាជ័យ ។ លោក ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក​បាន​បើកចំហ​សម្រាប់​កិច្ចប្រជុំ​មួយ​ផ្សេងទៀត​ជាមួយ​លោក គីម ហើយ​គិតថា​វា​អាចមាន​ប្រយោជន៍ ។​

​ប៉ុន្តែ​កូរ៉េខាងជើង​មានការ​ខកចិត្ត​ដែល​មិនមាន​សញ្ញា​ណាមួយ​នៃ​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រទេស​នេះ ហើយ​បាន​និយាយ​នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ថា ខ្លួន​គ្មាន​បំណង​អង្គុយ​និយាយ​គ្នា​ជាមួយ​សហរដ្ឋអាមេរិក​នោះទេ ។​
​ភាព​តានតឹង​បាន​ផ្ទុះឡើង​កាលពី​ខែ​មុន​នៅពេលដែល​ប្រទេស​កូរ៉េខាងជើង​បាន​បំផ្ទុះ​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ​នៅតាម​ព្រំដែន​របស់ខ្លួន​មុន​ពេលដែល​ទម្លាក់​ការគំរាមកំហែង​នៃ​សកម្មភាព​យោធា​ប្រឆាំងនឹង​ប្រទេស​កូរ៉េខាងត្បូង ៕