ពពុះសណ្ដែក ៣៧.៩ គីឡូក្រាមមានផ្ទុកសារធាតុគីមីបូរ៉ាក់ត្រូវមន្រ្តីជំនាញរកឃើញ និងដកហូត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 July, 2020 ក+ ក-

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ ដោយមានការសហការពី មន្ត្រី មន្ទីរពាណិជ្ជកម្មរាជធានី និងអាជ្ញាធរដែនដីខណ្ឌមួយចំនួន បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន ០៧ នៅរាជធានីភ្នំពេញមានដូចជា ៖ ផ្សារអូរឬស្សី ផ្សារធំថ្មី ផ្សារដើមគរ ផ្សារអូរឡាំពិក ផ្សារបឹងកេងកង ផ្សារជម្ពូវន្ត និងផ្សារពិភពថ្មីកំបូល។

គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងផុតកំណត់កាលបរិច្ឆេទប្រើប្រាស់។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារចំនួន ៤៥ គំរូ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ ពពុះសណ្ដែក មានផ្ទុកសារធាតុគីមីហាត់ឃាត់បូរ៉ាក់ (Borax) ចំនួន ៣៧.៩ គីឡូក្រាម។ មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕