ភ្នំពេញ៖លោក អ៊ិន សុភិន បានបញ្ជាក់នៅក្រោយពេលផ្ទុះជម្លោះវាយតប់ជាមួយលោក ប៉ែន ចំរ៉ុង ថា លោកនឹងរារាំងភ្លើងស្នេហ៍ឲ្យដល់ទីបញ្ចប់រវាងកូនស្រីរបស់លោកនាង ភិន សុដាលីស ជាមួយ ប៉ែន ចំរ៉ុង បើទោះជាដឹងថាមិនអាចហាម ប្រាមកូនស្រីរបស់ខ្លួនបាន ១០០%ក៏ដោយ។លោកថា នៅក្នុងសិល្បៈអ្នកណាមិនស្គាល់ថាចំរ៉ុងពូកែបោកស្រីៗ សូម្បីតែរបស់អ្នកណាក៏អត់រើសមុខដែរ។
វីអូដេ បានសរសេរនៅថ្ងៃនេះថា ភ្លើងស្នេហ៍មួយដែលឪពុកខាងស្រីចាត់ទុកថា “ខុសតម្រា” រវាងតារាសម្តែងនិងពិធីករ លោក ប៉ែន ចំរ៉ុង និងកញ្ញា ភិន សុដាលីស បានបង្ខំឲ្យលោក អ៊ិន សុភិន ជាឪពុកភិន សុដាលីស និងជាម្ចាស់ផលិតកម្មមហាហង្ស ប្រកាសថាអាចនឹងឈានដល់ការកាត់កាល់កូនស្រីនិងប្រកាសព្រមានលោក ប៉ែន ចំរ៉ុង បើអ្នកទាំងពីរនៅតែលួចទាក់ទងគ្នាតទៀត។ រឿងរ៉ាវអាស្រូវមួយនេះ លោកអះអាងថាបង្កឡើងដោយ ប៉ែន ចំរ៉ុង ទាំងស្រុង និងស្រឡាញ់មនុស្សមិនស្គាល់ថាជារបស់គេ។
លោកចាត់ទុកទំនាក់ទំនងនេះ”ខុសតម្រា” ដែលថាកើតមានឡើងបន្ទាប់ពីលោកបានហៅលោកប៉ែន ចំរ៉ុង ឲ្យមកសម្ដែងតួឯកច្រើនរឿងជាមួយ ភិន សុដាលីស ជាកូនស្រីតែម្នាក់របស់ខ្លួន។ លោកនិយាយថា៖ “ខ្ញុំមិននឹក ស្មានថាចំរ៉ុងជាមនុស្សបែបហ្នឹងទេ ពីដំបូងខ្ញុំឃើញវាមកស្និទ្ធិស្នាលជាមួយកូនខ្ញុំ។ ខ្ញុំស្មានតារាប់អានដូចអ្នកសិល្បៈតើ ប៉ុន្តែដឹងអីគាត់ទាក់ទងដាលីស គាត់ប្រើគ្រប់មធ្យោបាយរហូតធ្វើឲ្យកូនខ្ញុំបាក់ចិត្ត ។ ខ្ញុំប្រាប់គាត់ថាកុំធ្វើអញ្ចឹងព្រោះកូនខ្ញុំគាត់មានគូ ដណ្ដឹងហើយ ចំរ៉ុងឯងចាស់ទុំជាងគាត់ កុំឲ្យកូនខ្ញុំបាក់ចិត្ត ប៉ុន្តែគាត់និយាយជាមួយយើងឡូយណាស់ កុំភ័យបងៗ ប៉ុន្តែការពិតគាត់ផ្គើនយើងរហូត!”។
លោក អ៊ិន សុភិន សារភាពថាកូនស្រីរបស់ខ្លួនបាក់ចិត្តស្រឡាញ់ប៉ែន ចំរ៉ុង បន្ទាប់ពីសម្ដែងរួមគ្នា ប៉ុន្តែលោកចោទថាដោយសារតែ ប៉ែន ចំរ៉ុង ឆ្លៀតឱកាសនិងប្រើពាក្យសម្ដីកាយវិកាធ្វើឲ្យកូនខ្លួនបាក់ ចិត្ត។ លោក អ៊ិន សុភិន និយាយថា៖ “នៅពេលខ្ញុំធំក្លិនមិនស្រួល ខ្ញុំអត់មានជំទាស់ទេ ដោយសារគិតថាបើបានគ្នាជាប្ដីប្រពន្ធក៏ល្អម្យ៉ាងដែរ ព្រោះជាតារាដូចគ្នា ប៉ុន្តែដល់ពេលស្គាល់គាត់យូរៗ បានខ្ញុំដឹងថាចំរ៉ុង លេងសើចជាមួយកូនខ្ញុំប៉ុណ្ណោះ ទើបខ្ញុំសុំគាត់ថាកុំធ្វើអញ្ចឹង កុំបំផ្លាញទឹកចិត្តក្មេង ព្រោះគ្នាមានគូដណ្ដឹងហើយ បើស្រឡាញ់គឺស្រឡាញ់មែនទែនទៅ ខ្ញុំអត់ជំទាស់ទេ ប៉ុន្តែគាត់បង្ហាញឲ្យខ្ញុំឃើញកាន់តែច្បាស់ថាគាត់បោក កូនខ្ញុំ ទើបខ្ញុំទទួលយកអត់បាន!”។ លោកបន្តថាកូនស្រីរបស់លោកមានគូដណ្ដឹងរួចហើយនិងជាក្រុមការងារនៅក្នុងផលិតកម្មមហាហង្សផង។
លោកបានចោទលោកប៉ែន ចំរ៉ុង ថាមិនស្រឡាញ់កូនរបស់លោកពិតប្រាកដនោះទេ។ លោកបន្តថាបើលោក ប៉ែន ចំរ៉ុង ពិតជាស្រឡាញ់កូនរបស់លោកគឺសារភាពទៅហើយលោកជាឪពុកមិនប្រឹងបំបែក បំបាក់កូនធ្វើឲ្យកូនទឹកភ្នែកនោះទេ។លោកនិយាយ ថា៖ “បើគាត់ និយាយតែមួយម៉ាត់ថាបងអើយ ឥឡូវពួកខ្ញុំស្រឡាញ់គ្នា ខ្ញុំគិតគូរបាត់ហើយ ប៉ុន្តែអត់ទេគាត់ឈ្លើយណាស់ នៅមុខខ្ញុំនិយាយស្ដីមើលងាយកូនខ្ញុំណាស់ ប៉ុន្តែនៅក្រោយខ្នងគាត់តាមយកចិត្តថ្លើមកូនខ្ញុំ និងជាមនុស្សទុកចិត្តអត់បានទាល់តែសោះ!”។
លោក អ៊ិន សុភិន បន្តថាក្រោយផ្ទុះរឿងទាក់ពាក្យសម្ដីរហូតឈានដល់វាយទាត់ធាក់ ប៉ែន ចំរ៉ុង ក្នុងពេលលោកប៉ែន ចំរ៉ុង ស្កាត់ទៅជួបដាលីសដល់មុខផ្ទះកាលពីយប់ថ្ងៃទី២៦ ខែសីហា។ លោកថារវាងលោក និងតារាប្រុសរូបនេះ នឹងប្រែក្លាយជាគូជម្លោះស៊ីសាច់ហុតឈាមបើ ប៉ែន ចំរ៉ុង នៅតែបន្តទាក់ទងកូនស្រីរបស់ខ្លួន។
លោកបញ្ជាក់ថា៖ “មុនផ្ទុះរឿងវ៉ៃចំរ៉ុងក្នុងពេលគាត់ មកតាមកូនខ្ញុំដល់មុខផ្ទះហ្នឹង ខ្ញុំសារភាពថាខ្ញុំហាមកូនខ្ញុំអត់ស្ដាប់ ប៉ុន្តែគាត់ចាស់ទុំជាងកូនខ្ញុំបើគាត់ឈប់ វាមិនដែលមនុស្សស្រីណាសុខចិត្តធ្វើថោកទៅរកប្រុសកើតទេ អ្វីដែលខ្ញុំខឹងបំផុតគឺឲ្យតែពេលដែលខ្ញុំសុំឲ្យគាត់ដកខ្លួន ចំរ៉ុងសន្យាជាមួយខ្ញុំរហូតថាឈប់ៗហើយ ប៉ុន្តែការពិតគាត់និយាយផ្សេងធ្វើផ្សឹង ហើយនិយាយស្ដីរបៀបមើលងាយកូនខ្ញុំទៀត គឺដូចគាត់ហ្នឹងអស្ចារ្យ ហើយកូនខ្ញុំតែម្ខាងជាអ្នកទៅរកគាត់អញ្ចឹង!”។
ថៅកែផលិតកម្ម មហាហង្ស និយាយថា៖ “ពេលដឹងរឿងដំបូងខ្ញុំ គិតចង់ផ្ដាច់ពាក្យពីគូដណ្ដឹងដាលីសលើកឲ្យគាត់(ប៉ែន ចំរ៉ុង)តើ ព្រោះអត់ចង់បំបែកបំបាក់កូនទេ ប៉ុន្តែស្គាល់កាន់តែយូរ ចំរ៉ុងកាន់តែឈ្លើយ បើនិយាយពីការងារវិញគឺមើលឃើញតែលុយអត់ដែលយោគយល់ទេ ជាក់ស្ដែងក្នុងមួយឆ្នាំៗ។ ខ្ញុំហៅគាត់ថតច្រើនរឿងណាស់ គឺគាត់ស៊ីថ្លៃពេញៗ សូម្បីតែខ្ញុំនិយាយថាចំរ៉ុងអើយចុះថ្លៃខ្លះទៅ គង់តែថ្ងៃក្រោយឪពុកក្មេកកូន ប្រសារទេ គាត់ឆ្លើយមកវិញថា ឪពុកក្មេកកូនប្រសារផ្សេង រឿងលុយផ្សេង ហើយខ្ញុំឆ្អែតចិត្តជាងគេគឺត្រង់ ធម្មតាខ្ញុំមិនដឹងថាតម្លៃខ្លួនគាត់ប៉ុន្មាន តែដល់ពេលហៅគាត់មកថតរឿងក្រោយ គឺគាត់ថារឿងថ្មីតម្លៃថ្មីហើយ ដោយសូម្បីតែគាត់ឡើងចុះផ្ទះយើងស៊ីបាយផ្ទះយើង ហើយយើងយោគយល់ផ្ដល់រឿងឲ្យគាត់ថតមួយឆ្នាំ ៤-៥រឿង!។ អ្វីដែលខ្ញុំទ្រាំអត់បាន គឺគាត់ប្រាប់គេថាអត់ស្រឡាញ់ដាលីសទេ ប៉ុន្តែគាត់បែរជាបន្តធ្វើអញ្ចឹង!”។
លោកថាក្នុងមួយឆ្នាំៗ លោក ប៉ែន ចំរ៉ុង ទទួលរឿងពីគាត់មិនក្រោម១ម៉ឺនដុល្លារនោះទេ ក្នុងពេលដែលរឿងនីមួយៗមានតម្លៃ២០០០ទៅ២៥០០ ដុល្លារ។ លោកបន្តថា៖ “ខ្ញុំអត់ដឹងថាចំរ៉ុងនិយាយអីខ្លះទើប កូនខ្ញុំបាក់ចិត្តដល់ម្ល៉ឹងទេ ប៉ុន្តែនៅក្នុងសិល្បៈអ្នកណាមិនស្គាល់ថាចំរ៉ុងពូកែបោកស្រីៗ សូម្បីតែរបស់អ្នកណាក៏អត់រើសមុខដែរ អញ្ចឹងហើយទើបខ្ញុំបានត្រៀមរួចហើយថានឹងបកស្បែកម្ដង បើនៅតែទាក់ទងកូនខ្ញុំ ខ្ញុំត្រូវសុខចិត្តហែកទ្រូងឲ្យក្អែកចឹក គឺអត់ឲ្យគាត់មើលងាយគ្រួសារខ្ញុំទេ!”។
លោកបន្តថា លោកព្រមានឲ្យ ប៉ែន ចំរ៉ុង ដកខ្លួនពី ភិន សុដាលីស មុនពេលរឿងរ៉ាវឡើងកម្តៅជាងនេះ។ លោកថាលោកបានត្រៀមចិត្តកាត់កាល់កូនស្រីផងដែរ បើនៅតែហ៊ានលួចមានទំនាក់ទំនងជាមួយលោកប៉ែន ចំរ៉ុង មិនស្ដាប់តាមការហាមប្រាមរបស់លោក។ លោកអ៊ិន សុភិន និយាយថា៖ “សាច់ ម៉ាដុំហ្នឹងខ្ញុំកាត់ចោល ប៉ុន្តែកូនខ្ញុំវាជំទាស់ខ្ញុំដោយសារអត់ដឹងថាចំរ៉ុងហ្នឹងវា បោកទេ គ្នាស្មានតែស្រឡាញ់មែនទែន។ ខ្ញុំចង់ឲ្យដាលីសឮសម្តីដែលចំរ៉ុង និយាយជាមួយខ្ញុំ និងជាមួយមិត្តភ័ក្ត្រវាដែលវាមើលងាយដាលីសណាស់ ប៉ុន្តែកូនខ្ញុំវាអត់ជឿ! រឿងហ្នឹងបើចំរ៉ុងបញ្ឈប់កុំបន្តលែបខាយកូនខ្ញុំ ហើយពន្យល់ដាលីសទៅ គឺវាចប់ហើយ»។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលប៉ែន ចំរ៉ុង ត្រូវបានបែកធ្លាយរឿងរ៉ាវស្នេហាជាមួយតារាស្រីនៅក្នុងពិភពសិល្បៈ។
វីអូដេ បានបញ្ជាក់ថា នៅពេលទាក់ទងដើម្បីសុំការឆ្លើយតប ទូរស័ព្ទគ្រប់ខ្សែរបស់ប៉ែន ចំរ៉ុង ត្រូវបានបុរសម្នាក់ដែលមានសំឡេងបេះបិទនឹងលោកប៉ែន ចំរ៉ុង អះអាងថា ជាបងប្រុសលើកជំនួស។ លោកអះអាងថា ប៉ែន ចំរ៉ុង ជាប់ថត និងថាជារឿងផ្ទាល់ខ្លួនរបស់គេ សុំអត់និយាយទេ។ អ្នកកាសែតបានព្យាយាមទាក់ទងជាបន្តបន្ទាប់រហូតមកពេលចុះផ្សាយអត្ថបទ ក៏មិនអាចសុំការពន្យល់ពីកញ្ញា ភិន សុដាលីស បានដូចគ្នា បន្ទាប់ពីទូរស័ព្ទរបស់នាងខលចូលមិនលើកនិងបិទទូរស័ព្ទចោលនៅពេលខលចូលច្រើនលើកកាលពីព្រលប់ថ្ងៃទី២៧ខែសីហា៕ដោយ៖រ៉ានុន្រ្ទ
លោក អ៊ិន សុភិន ជាឪពុកភិន សុដាលីស និងជាម្ចាស់ផលិតកម្មមហាហង្ស(ធ្វេង) និងលោក ប៉ែន ចំរ៉ុង
កញ្ញា ភិន សុដាលីស និងលោក ប៉ែន ចំរ៉ុង(រូបថតពីហ្វេសប៊ុក)