ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៣លាននាក់ ស្លាប់ជាង ៥៧ម៉ឺននាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 July, 2020 ក+ ក-

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថាគិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣,០២៦,៩៧៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៧១,០៧៦ នាក់ និងជាសះស្បើយឡើងវិញ ៧,៥៧៥,២០៨នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៤១៣,០៧៩នាក់ ស្លាប់ចំនួន ១៣៧,៧៨២នាក់ និងជាសះស្បើយចំនួន ១,៥១៦,៧៧៤នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១,៨៦៦,១៧៦នាក់ ស្លាប់ចំនួន ៧២,១៥១នាក់ និងជាសះស្បើយ ១,២១៣,៥១២នាក់ ខណៈដែលប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដែលមានអ្នកឆ្លង ៨៧៩,៤៦៦នាក់ ស្លាប់ ២៣,១៨៧នាក់ និងជាសះស្បើយ ៥៥៤,៤២៩នាក់៕