ថ្ងៃនេះ រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៩នាក់ថ្មីបន្ថែមទៀតជាករណីនាំចូល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 July, 2020 ក+ ក-

​ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៩នាក់ថ្មីទៀត ជាករណីនាំចូលពីអារ៉ាប់។ បុរសទាំង៩ នាក់ខាងលើនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរ ពីប្រទេស ម៉ាឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧:២៥នាទីល្ងាច។

វត្ថុសំណាកលើកទីពីររបស់ពួកគាត់ ដែលបានធ្វើវិភាគដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជាទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺទាំង ០៩នាក់ខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់ អង្រែ រាជធានីភ្នំពេញ។

រីឯអ្នកដំណើរចំនួន៧០នាក់ ដែលធ្វើដំណើរតាមជើងហោះហើរជាមួយអ្នក វិជ្ជមានវីរុសកូវីដ-១៩ កំពុងត្រូវបានបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជំពូរវ័ន្តមួយ ក្នុងរាជធានីភ្នំពេញ។ ក្នុងចំនួនអ្នកដំណើរ ៨០នាក់ ដែលបានធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺកូវីដ-១៩ សរុបមានបុរសចំនួន២៤នាក់ ដែលបច្ចុប្បន្នកំពុងសម្រាក ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ៕