ព្រៃវែង៖រថយន្តយីឌុបមួយគ្រឿងបានបើករេចង្កូតបុកដើមត្នោតនៅតាមចិញ្ចើមថ្នល់ក្រឡាប់ចូលស្រះទឹកកាលពីវេលាម៉ោង២១:០០នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣១១ ត្រង់ចំណុចភូមិបឹងរកា ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ធ្លាយចេញសុទ្ធតែឈើប្រណីតប្រភេទ គ្រញូង និងធ្នង់ជាច្រើនកំណាត់។
សាក្សីបានរាយការណ៍ថា អ្នកបើកបររថយន្តដឹកប្រណីតឈើនោះបានវាយទំលុះកញ្ចក់ទ្វារថយន្តលូនចេញ និងរត់គេចខ្លួនបាត់នៅក្រោយ ពេលកើតហេតុ។ប្រមាណ ២០នាទីក្រោយមក គេឃើញក្រុមមេព្រៃចំនួន ៣រថយន្ត បានទៅដល់កន្លែងកើតហេតុ បម្រុងនាំយករថយន្ត និងឈើប្រណីតទាំងនោះចេញពីកន្លែងកើតហេតុ ប៉ុន្តែដោយសារហៅរថយន្ត ស្ទូចមិនបានក៏ហៅសមត្ថកិច្ចអោយជួយយាម ហើយបានហាមសមត្ថកិច្ចនោះមិនអោយប្រាប់ព័ត៌មានដល់អ្នកកាសែតទៀតផង។
រហូតមកដល់ពេលនេះ រថយន្តនិងឈើទាំងនោះ ស្ថិតនៅកន្លែងកើត ហេតុនៅឡើយ ហើយគេនៅមិនទាន់ដឹងថា ឈើក្នុងរថយន្តនោះមានចំនួនប៉ុន្មាននោះទេ៕