មនុស្ស១៥នាក់ស្លាប់ និងច្រើននាក់បាត់ខ្លួន នៅក្នុងគ្រោះទឹកជំនន់ នៅឥណ្ឌូណេស៊ី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2020 ក+ ក-

ហ្សការតា ៖ មនុស្សយ៉ាងហោច១៥នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀត កំពុងបាត់ខ្លួនបន្ទាប់ពីគ្រោះទឹកជំនន់ លាយឡំជាមួយល្បាប់ភក់បានកប់ផ្ទះប្រជាជនរាប់រយខ្នង នៅឯខេត្ត Sulawesi ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃអង្គារម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

ប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកអ្នកបាត់ខ្លួនកំពុងបន្តធ្វើឡើង ខណៈកម្រិតទឹកទន្លេចំនួនបី នៅក្នុងតំបន់ North Luwu កើនឡើងរឹតតែខ្លាំង ដោយសារភ្លៀងធ្លាក់ខ្លាំង។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ី ប្រជាជន ២,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ជំរុំស្នាក់នៅបណ្ដោះអាសន្ន ប៉ុន្តែទឹកជំនន់ និងល្បាប់ភក់ បាននិងកំពុងបង្កឧបសគ្គដល់ការចែកជំនួយសង្រ្គោះបន្ទាន់។

គួរជម្រាបថា កាលពីដើមឆ្នាំ២០២០ ភ្លៀងធ្លាក់ខ្លាំង ក៏ធ្លាប់បានបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដីផងដែរ ដោយបានផ្ដាច់ជីវិតមនុស្សជាង ៧០នាក់ នៅក្នុង និងនៅតំបន់ជុំវិញរដ្ឋធានីហ្សាការតា៕