ចាប់ជនបរទេស៣នាក់ ពាក់ព័ន្ធករណីឆបោកលុយជាង១ម៉ឺនដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2020 ក+ ក-

ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​កាលពី​ម្សិលមិញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បរទេស​៣​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​(​លុយ​១០,៧៥០​ដុល្លារ​) កើតឡើង​នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​បរទេស​ទាំង​៣​នាក់​នោះ​រួមមាន ៖ ទី​០១​ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​លេខ​០៩ ផ្លូវ​លេខ​០៩ បុរី​លឹម​ឈាង​ហាក់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទី​០២​ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​លេខ​១៦ ផ្លូវ​លេខ​០៩ បុរី​លឹម​ឈាង​ហាក់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទី​០៣​ឈ្មោះ មិត្ត ស្រី​នី ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​លេខ​១៦ ផ្លូវ​លេខ​០៩ បុរី​លឹម​ឈាង​ហាក់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​ចំណែក​វត្ថុតាង​ចាប់យក​៖ ១-​កុំព្យូទ័រ​ចំនួន​០៣​គ្រឿង (​ម៉ាក Dell ពណ៌​ទឹកខ្មៅ​ចំនួន​០១​គ្រឿង និង​ពណ៌​ទឹកប្រាក់​ចំនួន​០១​គ្រឿង ,​ម៉ាក​Asus ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង​) ២-​ស៊ីម​កាត (​ប្រើ​រួច​) មួយចំនួន , ៣/​ទូរស័ព្ទដៃ​ម៉ាក​សាំ​សុង ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង​, ៤/​ទូរស័ព្ទដៃ​ម៉ាក VIVO ពណ៌​ស្លាប​កំ​ភេ​ន​ចំនួន​០១​គ្រឿង ,៥/​ទូរស័ព្ទដៃ​ម៉ាក​ណូគា​ពណ៌​ខៀវ​ចំនួន​០១​គ្រឿង​, ៦-​ទូរស័ព្ទដៃ​ម៉ាក​ណូគា​ចុច​ពិល​ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង ,៧/​លិខិតឆ្លងដែន​ចំនួន​០៤​ក្បាល (​លេខ​A09043956 របស់​ឈ្មោះ AMAOGANANYA MICHAEL CHUKWUDI ចំនួន​០១​ក្បាល​, លេខ​A06489995 របស់​ឈ្មោះ DIKE IFEANYI EVARISTUS ចំនួន​០១​ក្បាល​, លេខ​A04999241 របស់​ឈ្មោះ AMAOGANANYA MICHAEL CHUKWUDI ចំនួន​០១​ក្បាល​, លេខ​A07644429 របស់​ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ចំនួន​០១​គ្រឿង​) , ៨/​ឆ្នាំង​សាក​កុំព្យូទ័រ​ចំនួន​០៣, ៩/​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ក្រហម​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 1AF-5376 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​0023876 , ១០/​ម៉ូតូ​ម៉ាក​ហ្វី​ណូ ពណ៌​ស​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1AF-4446 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​002283 ចំនួន​០១​គ្រឿង​, ១១/​ម៉ូតូ​ម៉ាក​ធូ​ដេ ពណ៌​ស​ពាក់​ផ្លាកលេខ កំពង់ស្ពឺ 1D-4761 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 1051695 ចំនួន​០១​គ្រឿង ។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​០៩​និង​៤៥​នាទី មាន​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Favour Grace Williams ដែល​ដាក់ រូប​មនុស្ស​ស្រី​នៅលើ​Profile បាន​ផ្ញើ​សារ​ចូលមក​គណនី​ហ្វេ​ស​ប៊ុ​ក របស់​ជនរងគ្រោះ ឈ្មោះ គុយ សាវឿន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ដែលមាន​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Kuy Savoeurn សុំ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ជនរងគ្រោះ រួច​ជនរងគ្រោះ​ក៏បាន​ផ្ញើ​សារ​តប​ទៅវិញ​ព្រោះ​គិតថា គ្រាន់តែ​សុំ​រាប់អាន​គ្នា​។

​សមត្ថកិច្ច​បាន​បន្តថា បន្ទាប់មក​ឈ្មោះ Favour Grace Williams បាន​ផ្ញើ​សារ​អំពី​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់គេ ប្រាប់​ជនរងគ្រោះ ថែមទាំង​បាន​ផ្ញើលិខិត​ឆ្លងដែន មានឈ្មោះ HELEN GRACE WILLIAMS ជា​ជនជាតិ​អាមេរិក ធ្វើការ​ជា​គិលានុបដ្ឋាយិការ​យោធា បម្រើ​ការងារ​នៅ​ជំរុំ​យោធា ក្នុង​ក្រុង​ដា​ម៉ាស ប្រទេស​ស៊ី​រី ហើយ​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​ផ្ញើ​សារ​មក​ជនរងគ្រោះ​ថា រូបគេ​ចង់​ពិភាក្សា​អ្វីមួយ​ដែល​សំខាន់​ជាមួយ​ជនរងគ្រោះ គឺថា​រូបគេ រើស​បាន​ប្រអប់​មួយ​នៅក្រោម​ដើមឈើ ដែល​នៅក្នុង​ប្រអប់​នោះ​មាន​ទឹកប្រាក់​យ៉ាងច្រើន​ទៅដល់ ៣.៥ លាន ដុល្លារ​អាមេរិក ហើយ​រូបគេ​ចង់យក​លុយ​នោះមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។

​ប្រភព​ដដែល​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា តាមរយៈ​សារ​នោះ​គឺ​ចង់ឱ្យ​ជនរងគ្រោះ​អ្នក​ទទូ​លុយ​នោះ នៅ​ក្រុមហ៊ុន​អាកាសចរណ៍ ប៉ុន្តែ​ឱ្យ​ជនរងគ្រោះ​ផ្ញើ​អាសយដ្ឋាន​របស់​ជនរ​ង​គ្រោះ​ទៅ​រូបគេ​សិន រួច​ជនរងគ្រោះ​ក៏បាន​ផ្ញើ​អាសយដ្ឋាន​ទៅឱ្យគេ ហើយ​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​ផ្ញើ​កញ្ចប់​អីវ៉ាន់ និង​វិក្កយបត្រ​ផ្ញើ​អីវ៉ាន់​តាម​ក្រុមហ៊ុន​ដឹក ជញ្ជូន​មកឱ្យ​ជនរងគ្រោះ​បានឃើញ​ជាមុនសិន ។ បន្ទាប់មក​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ប្រហែល​០៨​និង​០០​នាទី​ព្រឹក ជនរងគ្រោះ​កំពុងតែ​នៅ​ខេត្តកំពត ស្រាប់​តែមាន​បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន​អីវ៉ាន់ មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស បាន​ប្រើ​លេខ​ទូរស័ព្ទ ០៩៣ ២១ ៩៩ ៦១ ទូរស័ព្ទ​ចូល​លេខ ០៩៦ ៨៩៨ ៥៥៥៩ របស់​ជនរងគ្រោះ​ប្រាប់ថា អីវ៉ាន់រ​បស់បង​មកដល់​ហើយ សូម​បង​ចាំ​ទទួល​អីវ៉ាន់ មួយសន្ទុះ​បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន​ខាងលើ ក៏បាន​ប្រើ​លេខ​ទូរស័ព្ទ​លេខ ០៩៣ ២១ ៩៩ ៦១ ដដែល ចូលមក​លេខ​ទូរស័ព្ទ​ជនរងគ្រោះ​ម្តងទៀត ប្រាប់ថា អីវ៉ាន់​ដែល​ផ្ញើមក​នោះ ត្រូវ​បង់ពន្ធ​ចំនួន ៧៥០ ដុល្លារ អាមេរិក តម្រូវឱ្យ​ជនរងគ្រោះ​ផ្ញើ​លុយ​ទៅឱ្យ​រូបគេ រួច​ជនរងគ្រោះ​ក៏បាន​ផ្ញើ​លុយ​ចំនួន ៧៥០ ដុល្លារ​អាមេរិក​នោះ​ទៅតាម​ភ្នាក់ងារ​វី​ង​នៅ​ខេត្តកំពត​។

​ក្រោយមក​លេខ​ទូរស័ព្ទ​ខាងលើ បាន​និយាយ​ហេតុផល​ផ្សេងៗ ធ្វើឱ្យ​ជនរងគ្រោះ​ផ្ញើ​លុយ​ឱ្យ​រូបគេ តាម​ភ្នាក់ងារ​វី​ង នៅក្នុង​រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់ អស់​លុយ​សរុប​ចំនួន ១០៧៥០ ដុល្លារ (​មួយ​ម៉ឺន​សូន្យ​ពាន់​ប្រាំពីរ​រយ​ហាសិប​ដុល្លារ​អាមេរិក​) ហើយ​ជនរងគ្រោះ​ពុំ​បានទទួល​អីវ៉ាន់​អ្វី​សោះ ។ លុះដល់​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​០៩​និង​០០​នាទី លេខ​ទូរស័ព្ទ​ខាងលើ គឺមាន​មនុស្ស​ស្រី​មិន​ស្គាល់ឈ្មោះ បាន​ទូរស័ព្ទ​ចូលមក​លេខ​របស់​ជន​រងគ្រោះ តម្រូវឱ្យ​ជនរងគ្រោះ​ផ្ញើ​លុយ​ទៅឱ្យ​រូបគេ ចំនួន​១០០០០ ដុល្លារ (​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​)​ថែមទៀត ទើប​ជនរងគ្រោះ​បានមក​រាយការណ៍​ប្រាប់​សមត្ថកិច្ច និង​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ង្កោ ដើម្បីឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុម ជនសង្ស័យ​ខាងលើ យកមក​ធ្វើការ​សាកសួរ​តាម​នីតិវីធី​ច្បាប់ ។

​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ បាន​ទៅ​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់ ទី​០១​ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ទី​០២​ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទី​០៣​ឈ្មោះ មិត្ត ស្រី​នី ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ រួម​និង​វត្ថុតាង ត្រង់ចំណុច​បុរី​លឹម​ឈាង​ហាក់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ យកមក​ធ្វើការ​សាកសួរ​តាម​នីតិវិធី​ច្បាប់ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ៕