១ថ្ងៃ ឥណ្ឌារកឃើញមានអ្នកឆ្លង COVID-19 ជិត​៣០,០០០នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2020 ក+ ក-

ញូដេលី ៖ អាជ្ញាធរសុខាភិបាលឥណ្ឌាបាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងបានរកឃើញករណីឆ្លងថ្មីៗចំនួន ២៩,៤២៩នាក់ ដែលជាអត្រាឆ្លងថ្មីៗខ្ពស់បំផុតមិនធ្លាប់មាន និងមនុស្ស ៥៨២នាក់បន្ថែមបានស្លាប់។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០។

តាមរយៈទិន្នន័យចុងក្រោយ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា​នៅថ្ងៃពុធនេះបានឲ្យដឹងថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ៩៣៦,១៨១ករណី​ក្នុងនោះ ២៤,៣០៩នាក់បានស្លាប់។ ដោយឡែកមនុស្សជាង ៥៩២,០០០នាក់ បានជាសះស្បើយឡើងវិញ ដែលក្នុងន័យនេះតួលេខនៃអ្នកជំងឺសកម្ម ឬ អ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល​នៅតាមមន្ទីរពេទ្យនាពេលបច្ចុប្បន្ន មានចំនួនជិត ៣២០,០០០នាក់។

សូមជម្រាបថា ឥណ្ឌាគឺជាប្រទេសដែលមានអ្នកឆ្លង COVID-19 ជាងច្រើងគេបំផុតលំដាប់ទី ៣ នៅលើពិភពលោក តែទោះជាយ៉ាងនេះក្តី ប្រទេសឥណ្ឌាបានឈានចូលដំណាក់កាល បន្ធូរបន្ថយកម្រិត ២ ប៉ុន្តែការរឹតបន្តឹងនៅតែបន្តអនុវត្ត នៅក្នុងតំបន់ដែលមានករណីឆ្លង ផ្ទុះខ្លាំងនៅឡើយ (Containment Zones)៕