ថ្ងៃនេះ កម្ពុជារកឃើញអ្នកជំងឺកូវីដ១៩ថ្មីម្នាក់ទៀត នាំចូលពីក្រៅប្រទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 July, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០១នាក់ទៀត លើបងប្អូនខ្មែរដែលធ្វើដំណើរត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ ជាបុរសជានជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាន នៅសង្កាត់ច្រាំងចំរះខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បុរសនេះ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី និងបានបន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧៖២៥នាទីល្ងាច។ វត្ថុសំណាកលើកទីបីរបស់ពួកគាត់ ដែលបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ហើយ បច្ចុប្បន្នអ្នកជំងឺខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ចំពោះអ្នកដំណើរចំនួន៦៩នាក់ ដែលធ្វើដំណើរតាមជើងហោះហើរជាមួយអ្នកវិជ្ជមានកូវីដ-១៩ កំពុងត្រូវបានបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជំពូរវ័ន្ត ក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន១៦៦នាក់ (ស្ត្រី ៤០នាក់ និងបុរស ១២៦នាក់) ចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ១៣៣នាក់ (ស្រី ៣៩នាក់ និងបុរស ៩៤នាក់) អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន៣៣នាក់៕