ស្រុកស្រីសន្ធរបន្តអនុវត្តគម្រោងមូលនិធិឃុំដេីម្បីសាងសង់ផ្លូវបេតុងចំនួន៣គម្រោង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 July, 2020 ក+ ក-

ខេត្តកំពង់ចាម ៖ គម្រោង មូលនិធិ ឃុំ -សង្កាត់ ឆ្នាំ ២០២០ របស់ គណៈកម្មការ ជាតិ សម្រាប់ ការអភិវឌ្ឍន៍ តាម បែប ប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោម ជាតិ ត្រូវ បាន ដាក់ ឲ្យ ដំណើរ ការ ដេញ ថ្លៃ ចំនួន៣គម្រោង នា ព្រឹក ថ្ងៃ ទី ១៦ ខែកក្កដា ឆ្នាំ ២០២០ នៅ សាលា ស្រុក ស្រីសន្ធរ ក្រោម វត្តមាន លោក ឡី មិច នាយក រង រដ្ឋបាល សាលា ខេត្ត កំពង់ចាម និង លោក បេត រ៉េងឃីម អភិបាល រង ស្រុក ស្រីសន្ធរ ដោយ មាន ការ ចូលរួម ពី គណៈកម្មការ ម្ចាស់ លទ្ធកម្ម និង តំណាង ក្រុម ហ៊ុន អ្នក ទទួល ការ ជា ច្រើន រូប ផង ដែរ ។
ក្នុង នាម អាជ្ញាធរ ខេត្ត លោក ឡី មិច បាន ថ្លែង អំណរគុណ ដល់ អាជ្ញាធរ ស្រុក ស្រីសន្ធរ ដែល បាន រៀបចំ នីតិវិធី នៃ ការ ដេញ ថ្លៃ នេះ ឲ្យ មាន សណ្ដាប់ ធ្នាប់ របៀបរៀបរយ ល្អ ព្រមទាំង បាន សំណូមពរ ដល់ តំណាង ក្រុម ហ៊ុន ឲ្យ គោរព តាម ក្រមសីលធម៌ របស់ អ្នក ទទួល ការ និង ចូលរួម សហការ ជាមួយ អាជ្ញាធរ ដេីម្បី លុបបំបាត់នូវ ភាព អនាធិបតេយ្យ ដែល បង្ក ឡើង ដោយ ក្រុម ឆ្លៀត ឱកាស មួយ ចំនួន ផងដែរ ។

ជាមួយគ្នា នោះ លោក បេត រ៉េងឃីម អភិបាល រង ស្រុក ស្រីសន្ធរ ក៏បាន ធ្វើ ការ សំណូមពរ ដល់ ក្រុម អ្នក ទទួល ការ ដែល បាន ធ្វើ ការ ប្រកួតប្រជែង ដេញ ថ្លៃ បាន គម្រោងនេះ គឺសូម ឲ្យ ការអនុវត្ត គម្រោង ធ្វើ យ៉ាងណា ត្រូវ ឲ្យ មាន តម្លាភាព ហេីយ ធ្វើ ការ សាងសង់ ឲ្យ ត្រូវ តាម បទដ្ឋាន លក្ខណៈ បច្ចេកទេស ប្រយោជន៍ ដល់ ការ ប្រើប្រាស់ ដោយ គម្រោង ដែល បាន ដាក់ ឲ្យ ដេញ ថ្លៃ នេះ គឺមាន ផ្លូវ ចំនួន ៣ខ្សែ ដែល ត្រូវ ស្ថាបនា ជូន ប្រជាពលរដ្ឋ ប្រើប្រាស់ ក្នុង នោះ មាន ១-ឃុំទងត្រឡាច សាងសង់ផ្លូវបេតុងអាមេ ប្រវែង០.៤៣០ គ.ម ទទឹង៣ម កម្រាស់០.១៥ម នៅភូមិទងត្រឡាច ។
២-ឃុំ ព្រែក ដំបូក សាងសង់ផ្លូវបេតុងអាមេ ប្រវែង០.៥៧០ គ.ម ទទឹង៤ម នៅភូមិស្វាយម៉ូ ។
៣-ឃុំ ស្វាយ ខ្សាច់ ភ្នំ សាងសង់ផ្លូវបេតុងអាមេ ប្រវែង០.២៩០ គ.ម ទទឹង៦ម នៅភូមិស្វាយត្បូង ៕ ដោយ ៖ ប៉ែន សុផល