ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត១៤លាននាក់ ស្លាប់ជាង៥៩ម៉ឺននាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 July, 2020 ក+ ក-

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣,៩២៤,៣០៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៩១,៨៣៥នាក់ និងជាសះស្បើយឡើងវិញ ៨,២៦៥,៥៥៧នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៦៨៣,៣២៤នាក់ ស្លាប់ចំនួន ១៤១,០១៦នាក់ និងជាសះស្បើយចំនួន ១,៦៧៣,១៧៥នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២,០១៤,៧៣៨នាក់ ស្លាប់ចំនួន ៧៦,៨២២នាក់ និងជាសះស្បើយ ១,៣៦៦,៧៧៥នាក់ ខណៈដែលប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដែលមានអ្នកឆ្លង ១,០០៥,៦៣៧នាក់ ស្លាប់ ២៥,៦០៩នាក់ និងជាសះស្បើយ ៦៣៦,៦០២នាក់៕