ប្រទេស៣ ចោទរុស្ស៊ី​ថា កំពុង​ព្យាយាម​លួច​ទិន្នន័យ​វ៉ាក់សាំង​កូ​វីដ​១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 July, 2020 ក+ ក-

អង់គ្លេស ៖ មជ្ឈមណ្ឌល​សន្តិសុខ​អ៊ី​ន​ធើ​ណិ​ត​ជាតិ​អង់គ្លេស (NCSC) បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុម Hacker ដែល​គាំទ្រ​ដោយ​រដ្ឋ​រុស្ស៊ី​កំពុង​ព្យាយាម​លួច​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩ ​និង​ការស្រាវជ្រាវ​ព្យាបាល​ពី​ស្ថាប័ន​សិក្សា​ និង​ឱសថ​នានា​នៅ​ជុំវិញ​ពិភពលោក​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​សេចក្តីថ្លែងការណ៍​រួមមួយ​ពី​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក ​និង​កាណាដា​បាន​ចង្អុល​ការវាយប្រហារ​នេះ​ទៅលើ​ក្រុម APT29 ដែល​ក៏​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា​ជា Cozy Bear ដែល​ពួកគេ​បាន​និយាយថា កំពុង​ប្រតិបត្តិការ​ស្ទើរតែ​ទាំងស្រុង​ជា​ផ្នែក​មួយ​នៃ​សេវាកម្ម​ស៊ើបការណ៍​សម្ងាត់​របស់​រុស្ស៊ី​។​

​លោក Paul Chichester ប្រធាន​ផ្នែក​ប្រតិបត្តិការ​របស់ NCSC បាន​និយាយថា “​យើង​សូម​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ដែល​ប្រឆាំងនឹង​អ្នក​ដែល​ធ្វើ​ការងារ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​។ ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​តាម​អ៊ី​ន​ធើ​ណិ​ត​បាន​និយាយថា ឧបករណ៍ Hack របស់​ក្រុម APT29 ត្រូវបាន​ប្រើ​ប្រឆាំងនឹង​អតិថិជន​ដែលមាន​ទីតាំងនៅ​សហរដ្ឋអាមេរិក ជប៉ុន​ចិន​និង​អាហ្វ្រិក​កាលពី​ឆ្នាំមុន​។​​​ NCSC បាន​និយាយថា ការវាយប្រហារ​របស់​ក្រុម​នេះ​កំពុង​បន្ត​និង​ប្រើប្រាស់​ឧបករណ៍​និង​បច្ចេកទេស​ផ្សេងៗ​គ្នា​រាប់បញ្ចូល​ទាំង​មេរោគ​កំ​ព្យូ​ទ័​រ​ផងដែរ​។​

​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក​និង​បញ្ជាការ​អ៊ី​ន​ធើ​ណិ​ត​សហរដ្ឋអាមេរិក​ក៏បាន​ចេញផ្សាយ​ព័ត៌មាន​បច្ចេកទេស​កាល​ពីថ្ងៃ​ព្រហស្បតិ៍​អំពី​ឧបករណ៍ Hack ចំនួន​៣​ដែល​ត្រូវបាន​ដាក់ពង្រាយ​ដោយ​ពួក Hacker រុស្ស៊ី​ដែលមាន​ឈ្មោះ​កូដ​ថា WELLMAIL, SOREFANG និង WELLMESS ផងដែរ​។​

​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​សន្តិសុខ​អ៊ី​ន​ធើ​ណិ​ត​ក្នុង​វិស័យ​ឯកជន​ដែល​បាន​រកឃើញ​មេរោគ WELLMESS កាលពី​ឆ្នាំមុន​មិនបាន​ដឹង​អំពី​ប្រភពដើម​របស់​រុស្ស៊ី​ទេ​រហូតដល់​ថ្ងៃ​ព្រហស្បតិ៍​។​ ​អ្នកស៊ើប​អង្កេត​បីនាក់​ដែល​ដឹង​អំពី​បញ្ហា​នេះ​បាន​និយាយថា ក្នុងករណី​ជាច្រើន WELLMESS ត្រូវបាន​រកឃើញ​នៅក្នុង​ក្រុមហ៊ុន​ឱសថ​អាមេរិក​។ ឧបករណ៍​នេះ​អនុញ្ញាត​ឲ្យ​ពួក Hacker ចូលលុកលុយ​កុំព្យូទ័រ​ពី​ចម្ងាយ​។ ទោះបីជា​យ៉ាងណាក៏ដោយ ពួកគេ​បាន​បដិសេធ​ប្រាប់​ឈ្មោះ​ជនរងគ្រោះ​៕