ក្រសួងសុខាភិបាលចេញសេចក្តីណែនាំពីការពារការចម្លងជំងឺ កូវីដ១៩ក្នុងអំឡុងពេលឈប់សម្រាក៥ថ្ងៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 July, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំពីការពារការចម្លងជំងឺកូវីដ១៩ក្នុងអំឡុងពេលឈប់សម្រាក៥ថ្ងៃនៅខែសីហាខាងមុខនេះ។

រាជរដ្ឋាភិបាល បានសម្រេចឱ្យប្រជាពលរដ្ឋខ្មែរឈប់សម្រាករយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ដើម្បីសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ សម្រាប់ក្រសួងសុខាភិបាល នៅតែមានការព្រួយបារម្ភខ្លាចមានការចម្លងជំងឺកូវីដ១៩ ក្នុងកំលុងពេលនៃថ្ងៃឈប់សម្រាកនាពេលខាងមុខនេះ។

ក្នុងពេលឈប់សម្រាកនេះ ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវវិធានការចំនួន៦រួមមាន ៖ ជ្រើសរសើការជួបជុំគ្រួសារ ឬដំណើរកម្សាន្តប្រកបដោយសុវត្ថិភាពមិនមានការចម្លងជំងឺ, ជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាព កាត់បន្ថយជាអតិប្បរិមានូវការចម្លងជំងឺ, ជ្រើសរើសទីកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃការចម្លងជំងឺ, ជ្រើសរើសការទទួលទានអាហារប្រកបដោយសុវត្ថិភាពមិនបង្កការចម្លងជំងឺ, បុគ្គលម្នាក់ៗ ត្រូវរក្សាអនាម័យជានិច្ច និងត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល៕