ការងារបង្កបង្កើនផលរដូវវស្សា នៅខេត្តព្រៃវែងសម្រេចបាន ៨០ភាគរយហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2020 ក+ ក-

ខេត្តព្រៃវែង ៖ ល្បឿនការងារបង្ករបង្កើនផលរដូវវស្សា ឆ្នាំ២០២០ សម្រាប់ខេត្តព្រៃវែង មកទល់ថ្ងៃទី១៦ ខែកក្កដា សម្រេចព្រួសបានសរុបជាង ២០ម៉ឺន ហិកតា ស្មើនឹង ៨០.០៦% ។ ក្នុងនេះ ស្រូវស្រាលសម្រេចបាន ៥៧ ៤៣១ ហិកតា, ស្រូវកណ្ដាល ជាង១១ម៉ឺន ហិកតា និងស្រូវធ្ងន់ ៣១ ៦៤៧ ហិកតា ។ នេះបើតាមប្រធានមន្ទីរកសិកម្មខេត្ត។

កសិករបានប្រមូលផលស្រូវស្រាលដើមរដូវវស្សាបានជាបណ្តើរៗ ដោយគិតមកត្រឹម ថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២០ គឺសម្រេចប្រមូលផលស្រូវបានសរុបចំនួន ១១ ៣២២ ហិកតា ទទួលបានបរិមា ណផលសរុបចំនួន ៤៣ ៣០៤ តោន ដែលទិន្នផលជា មធ្យមចំនួន ៣.៨២ តោនក្នុងមួយហិកតា។ ដោយឡែកដំណាំសាកវប្បកម្មសម្រេចបានសរុបចំនួន ៩៦២ ហិកតា, ក្នុងនេះមានបន្លែគ្រប់មុខ ៩៤២ ហិកតា, ម្ទេសគ្រប់មុខ ៨ ហិកតា, ពោតស ៦ ហិកតា និងឪឡឹក ៦ ហិកតា។ ចំពោះការនាំស្រូវចេញទៅប្រទេសវៀណាមគិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២០ សម្រេចបានសរុបចំនួន ៩៣ ២៥៨ តោន (តម្លៃស្រូវ IR504 = ៨៩០ រៀល និងតម្លៃស្រូវ OM5451 = ៨១០ រៀល)។ដោយឡែកសម្រាប់ខែនេះគិតត្រឹមថ្ងៃទី០១ កក្តដា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ សម្រេចនាំចេញស្រូវទៅកាន់ប្រទេសបានសរុបចំនួន ៣៥ ២៥៣ តោន ។ សរុបរួមបូកយោងចាប់ពីថ្ងៃទី២២ខែ មិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ខែ កក្តដា ឆ្នាំ២០២០ សម្រេចបានចំនួន ១២ម៉ឺន ៨ ៥១១ តោន៕