មេដឹកនាំ​ហុងកុង ៖ កូវីដ១៩រលក​ទី​២​គ្រប់គ្រង​លែង​បាន​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 July, 2020 ក+ ក-

ហុងកុង ៖ មេដឹកនាំ​ទីក្រុង​ហុងកុង​លោកស្រី Carrie Lam បាន​និយាយ​កាលពីចុងសប្តាហ៍​ថា COVID-19 បាន​រីក​រាលដាល​ហួស​ពី​ការគ្រប់គ្រង​ហើយ​នៅក្នុង​ទីក្រុង​នេះ ខណៈ​លោកស្រី​បានប្រកាស​អំពី​កំណត់ត្រា​អ្នក​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់ជាង​១០០​ករណី​និង​បាន​បញ្ជា​ឲ្យ​មាន​វិធានការ​គម្លាត​សង្គម​ថ្មីៗ​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មួយ​នេះ​គឺជា​កន្លែង​ដំបូង​គេ​ដែល​ត្រូវបាន​វាយប្រហារ​ដោយ​វីរុស​នៅពេល​វា​លេច​ចេញពី​ភាគ​កណ្តាល​នៃ​ប្រទេស​ចិន​ប៉ុន្តែ​ទីក្រុង​នេះ​ទទួលបាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​វា​ហើយ​បានបញ្ចប់​ការចម្លង​ក្នុង​សហគមន៍​នៅ​ចុងខែ​មិថុនា​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក្នុង​រយៈពេល​២​សប្តាហ៍​ចុងក្រោយ​នេះ ករណី​ជាច្រើន​បានចាប់ផ្តើម​ផ្ទុះឡើង​ម្តង​ទៀតហើយ​ក្រុមគ្រូពេទ្យ​ព្រួយបារម្ភ​ថា វា​កំពុង​រីក​រាលដាល​ដោយ​មិនអាច​ការពារ​បាន​នៅក្នុង​ទឹកដី​ដែលមាន​ប្រជាជន​៧.៥​លាន​នាក់​មួយ​នេះ​។​

​កាលពី​ថ្ងៃអាទិត្យ លោកស្រី​នាយក​ប្រតិបត្តិ Carrie Lam បាន​និយាយថា ការឆ្លង​ជាង​៥០០​ករណី​ត្រូវបាន​បញ្ជាក់​នៅក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ចុងក្រោយ​ដែល​នាំ​ឲ្យ​ចំនួន​សរុប​របស់​ទីក្រុង​នេះ​កើន​ដល់​១,៧៨៨​ករណី​ជាមួយ​អ្នកស្លាប់​ចំនួន​១២​នាក់​។​ មនុស្ស​ជាង​១០០​នាក់​ត្រូវបាន​បញ្ជាក់​ត្រឹម​ថ្ងៃអាទិត្យ​មួយថ្ងៃ​ដែល​នេះ​ជា​កំណត់ត្រា​ខ្ពស់បំផុត​ប្រចាំថ្ងៃ​សម្រាប់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មួយ​នេះ​។​

​លោកស្រី Lam បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ខ្ញុំ​គិតថា​ស្ថានភាព​នេះ​ពិតជា​ធ្ងន់ធ្ងរ​ណាស់​ហើយ​មិនមាន​សញ្ញា​ណាមួយ​ដែលថា​ស្ថានភាព​កំពុង​ត្រូវបាន​គ្រប់គ្រង​នោះទេ​”​។​លោកស្រី Lam បានប្រកាស​ពី​វិធានការ​គម្លាត​សង្គម​ថ្មី​កាលពី​សប្តាហ៍​មុន​ដោយបាន​បិទ​អាជីវកម្ម​ជាច្រើន​រួមទាំង​រង្គសាល ក្លិប​ហាត់ប្រាណ​និង​ក្លិប​រាត្រី​ផងដែរ​ហើយ​បាន​បញ្ជា​ឲ្យ​អ្នក​រាល់គ្នា​ពាក់​ម៉ាស់​នៅលើ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​។​

​កាលពី​ថ្ងៃអាទិត្យ លោកស្រី Lam បានប្រកាស​ពី​វិធានការ​ថ្មីៗ​រួមមាន​ផែនការ​ធ្វើ​ឲ្យ​វា​មាន​ភាពចាំបាច់​ក្នុងការ​ពាក់​ម៉ាស់​នៅ​ខាងក្នុង​កន្លែង​សាធារណៈ​ណាមួយ​និង​បទបញ្ជា​ថ្មី​សម្រាប់​មន្ត្រី​រដ្ឋការ​ឲ្យ​ធ្វើការ​ពី​ផ្ទះ​៕