អារ៉ាប់រួម បាញ់បង្ហោះ​យានអវកាស​ទៅភពអង្គារ ចេញពី​កោះមួយនៅជប៉ុន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 July, 2020 ក+ ក-

ជប៉ុន ៖ យានអវកាស​របស់​អារ៉ាប់រួម បាននឹង​កំពុងធ្វើដំណើរឆ្ពោះទៅភពអង្គារ​ហើយ ​ក្រោយបាញ់បង្ហោះចេញពីកោះ Tanegashima ប្រទេសជប៉ុន នាព្រឹក​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០២០។ នេះជាបេសកកម្ម​រុករកភព​ដំបូងហើយ ​របស់​ពិភព​អារ៉ាប់។ នេះបើយោងតាមសារព័ត៌មានចិន CGTN។

យានអវកាស​ដែលមានឈ្មោះថា «Amal ឬ HOPE» គ្រោង​នឹង​ធ្វើដំណើរ​រយៈពេល ៧ខែ ចម្ងាយ ៥០០លានគីឡូម៉ែត្រ ដើម្បីទៅដល់ភពអង្គារ ពោលគឺ​រំពឹងថានឹង​ទៅដល់​ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ​២០២១ ដែលត្រូវ​ជាខួប ៥០ឆ្នាំ​នៃការបង្កើតប្រទេស។

យាន HOPE ​ត្រូវបាន​បាញ់បង្ហោះតាមរយៈគ្រាប់រ៉ុកកែត H-IIA F42 របស់​ក្រុមហ៊ុនជប៉ុន Mitsubishi។ ដើមឡើយបេសកកម្មនេះ គ្រោង​បាញ់បង្ហោះ​តាំងពីថ្ងៃទី១៤កក្កដា ប៉ុន្តែត្រូវពន្យារពេលមកដល់ថ្ងៃនេះ ដោយ​សារ​បញ្ហាអាកាសធាតុ។

យ៉ាងណាមិញ យានអវកាសនេះ នឹងមិនចុះចតលើផ្ទៃដី​ភពអង្គារឡើយ ដោយ​គ្រាន់តែ​នៅលើគន្លងប៉ុណ្ណោះ ​ក្នុងរយៈពេលមួយឆ្នាំភពអង្គារ ឬស្មើនឹង ៦៨៧ថ្ងៃ។ បេសកកម្មរបស់​វា គឺដើម្បីផ្តិតយករូបភាព​អាកាសធាតុ​ បរិយាកាសភពអង្គារ ដើម្បីក្លាយ​ជាមូលដ្ឋាន​ស្រាវជ្រាវបន្ថែម​ក្នុងការ​បញ្ជូន​មនុស្ស​ទៅភពនោះ ​ក្នុងរយៈពេល ១០០ឆ្នាំក្រោយ។ ​អារ៉ាប់រួម ក៏ចង់​ឱ្យគម្រោងនេះ ក្លាយ​ជាប្រភព​ជំរុញ​យុវជន​អារ៉ាប់ផងដែរ៕