អូស្ត្រាលីប្រកាសថា ​ត្រូវការ​ពេលវេលា​ច្រើន​សប្ដាហ៍​ទៀត ដើម្បី​ទប់ស្កាត់​កូ​វីដ​១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 July, 2020 ក+ ក-

អូស្ដ្រាលី ៖ មន្ត្រី​សុខាភិបាល​ស្តីទី​អូស្ត្រាលី​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​ទី​២០ ខែកក្កដា​ថា ការផ្ទុះ​ជំងឺឆ្លង COVID-19 យ៉ាងគំហុក​នៅក្នុង​រដ្ឋ និង​ទីក្រុងធំ​បំផុត​លំដាប់​លេខ២ របស់​ប្រទេស​អូស្ត្រាលី គឺ​កំពុងតែ​បង្កក្តី​ព្រួយបារម្ភ​ជាខ្លាំង ខណៈ​រដ្ឋាភិបាល​អូស្ត្រាលី​ទើបតែ​ប្រកាសថា ខ្លួន​ត្រូវការ​ពេល​ច្រើន​សប្តាហ៍​ទៅមុខទៀត ទើប​អាច​ទប់​ទល់នឹង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​បាន​។ នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន CNA​។​

​ជំងឺ COVID-19 បាន​ផ្ទុះឡើង​យ៉ាងខ្លាំង​នៅ​រដ្ឋ Victoria ភាគ​អាគ្នេយ៍​អូស្ត្រាលី ដោយ​ក្នុងនោះ​ក៏មាន​ទីក្រុង​មែ​ល​ប៊​ន ផងដែរ​។ កាលពី​ថ្ងៃ​ច័ន្ទ​រដ្ឋ Victoria បាន​បំបែក​កំណត់ត្រា​មាន​អ្នក​ឆ្លង COVID-19 ច្រើន​បំផុត​រហូតដល់​ទៅ ៤៣៨​នាក់​ក្នុង​មួយថ្ងៃ ដែលជា​ហេតុ​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​រឹតតែ​ខ្លាំង ចំពោះ​ការបន្ត​ផ្ទុះ​ជំងឺ​នេះ​ឆ្លង​នេះ កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​។ រដ្ឋាភិបាល Victoria បាន​បញ្ជា​ឱ្យ​ប្រជាជន​ទាំងអស់​ពាក់​ម៉ាស ឬ​បិទមុខ​របស់​ពួកគេ ឲ្យ​ជិត​នៅពេល​ចេញពីផ្ទះ ដើម្បី​បង្ការ​ឲ្យ​កុំ​ឲ្យ​ឆ្លង ឬ​ចម្លង COVID-19 ទៅកាន់​អ្នកដទៃ​។​

​មន្ត្រី​សុខាភិបាល​ស្តីទី​លោក Paul Kelly បាន​និយាយថា​វា​នឹង​ចំណាយពេល “​ច្រើន​សប្តាហ៍​” ដើម្បី​កាត់បន្ថយ​ការរីក​រាលដាល​នេះ នៅពេលដែល​គេ​មើលឃើញ អត្រា​ឆ្លង​កើនឡើង​វិញ​ជា​បណ្តើរៗ​។​ សូមជម្រាប់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ចំនួន​ករណី​ឆ្លង​កូ​វីដ​១៩​សរុប​នៅ​ប្រទេស​អូស្ដ្រាលី​មាន​ជាង ១២,០០០​នាក់ ក្នុងនោះ​ស្លាប់ ១២៣​នាក់ និង​ជាសះស្បើយ​វិញ​ជាង ៨,៤០០​នាក់​៕