រុស្ស៊ី ៖ ការធ្វើ​តេស្ត​វ៉ាក់សាំង​កូ​វីដ​១៩​លើ​មនុស្ស​ទទួលបាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 July, 2020 ក+ ក-

​រុស្ស៊ី ៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ការធ្វើ​តេស្ដ​វ៉ាក់សាំង COVID-19 លើ​មនុស្ស ដែល​អភិវឌ្ឍ​ឡើង​ដោយ​វិទ្យាស្ថាន​ស្រាវ​ជំងឺឆ្លង និង​មីក្រូ​សារពាង្គកាយ​រុស្ស៊ី Gamaleya រួមគ្នា​ជាមួយ​ក្រសួងការពារជាតិ​រុស្ស៊ី បាន​បិទ​បញ្ចប់​ហើយ​នៅឯ​មន្ទីរពេទ្យ​យោធា Burdenko ដោយ​លទ្ធផល​បង្ហាញថា វ៉ាក់សាំង​មាន​សុវត្ថិភាព និង​គុណភាព​គួរឱ្យ​ទុកចិត្តបាន​។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល​លោក Sergey Borisevich ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​កណ្តាល​ទី ៤៨ នៃ​ក្រសួង​បាន​ប្រាប់​កាសែត Krasnaya Zvezda ថា ការធ្វើ​តេស្ដ​វ៉ាក់សាំង COVID-19 លើ​មនុស្ស​នៅ​រុស្ស៊ី​បានបញ្ចប់​ហើយ នៅឯ​មន្ទីរ​ព​ទ្យ Burdenko នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​ក្រុម​អ្នកចូលរួម​ស្ម័គ្រចិត្ត​ទី ២ និង​ចុងក្រោយ មាន​សមាជិក ២០​នាក់ ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​។​

​លោក Borisevich បាន​បញ្ជាក់ថា ក្រុម​អ្នកស្រាវជ្រាវ​នៅ​ត្រូវការ​ពេល​សិក្សា​ជាច្រើន​ទៀត ប៉ុន្តែ​លទ្ធផល​នៃ​ការធ្វើ​តេស្ដ​នេះ​បាន​បង្ហាញថា វ៉ាក់សាំង​មាន​សុវត្ថិភាព និង​គុណភាព​គួរឱ្យ​ទុកចិត្តបាន ដោយសារតែ​វា​អាច បង្កើត​អង់​ទីករ​ប្រឆាំងនឹង​វីរុស​កូ​រ៉ូ​ណា​ថ្មី​បាន​៕