សម្តេច ហ៊ុន សែន អញ្ជើញពិនិត្យការធ្វើស្រែ និងសំណេះសំណាលជាមួយកសិករនៅស្រុកព្រៃកប្បាស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 July, 2020 ក+ ក-

ភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចុះពិនិត្យការធ្វើស្រែ ព្រមទាំងសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។

តាមរយៈហ្វេសប៊ុក សម្តេចតេជោបានសរសេរថា ៖ «នៅព្រឹកថ្ងៃអង្គារ ទី២១ កក្កដា នេះ ខ្ញុំនឹងចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កើនផល និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ»។

សម្តេចបន្តថា ពិតណាស់ វិស័យកសិកម្ម គឺសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាតាំងពីសម័យដូនតាយើងមកម៉្លេះ។ ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស សុទ្ធសឹងជាអ្នកប្រកបរបរកសិកម្ម។ ពេលនេះជាឱកាសល្អបំផុតក្នុងការជញរុញវិស័យកសិកម្មនៅទូទាំងប្រទេសអោយកាន់តែរីកចម្រេីន។

សម្តេចបន្តទៀតថា ខេត្តតាកែវគឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម។ កន្លងមកខេត្តតាកែវ បានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។ ព្រឹកនេះ ខ្ញុំអាចនឹងចុះជួយស្ទូង និងច្រូតស្រូវជាមួយបងប្អូនប្រជាពលរដ្ឋយើង​ ប៉ុន្តែមិនច្រូតដោយដៃទៀតទេ​ គឺដោយគ្រឿងម៉ាស៊ីន​៕