គិតត្រឹមថ្ងៃទី២០កក្កដា ការបើកប្រាក់ឧបត្ថម្ភ​ជូន​ពល​រដ្ឋ​ក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ-១៩ បានចំនួន៥៣ម៉ឺនគ្រួសារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 July, 2020 ក+ ក-

ភ្នំពេញ ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានគូស​បញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ការបើកប្រាក់ឧបត្ថម្ភ ជូនប្រជាពលរដ្ឋ​ក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលវិបត្ដិជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា បាន​ចំនួនប្រមាណជា៥៣ម៉ឺនគ្រួសារ លើប្រមាណ៥៦ម៉ឺនគ្រួសារ។

ថ្លែងក្នុងសិក្ខាសាលា ស្តីពីនីតិវិធី និងដំណើរការនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់​ប្រាក់ជូន​គ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាល​ពី​ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា លោក វង សូត បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរ​មូល​ដ្ឋាន សូមជូន​ដំណឹងដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលនៅសេសសល់មិនទាន់​បាន​បើក​ប្រាក់ សូម​អញ្ជើញរួសរាន់មកបើកឱ្យបានមុនថ្ងៃកំណត់ សម្រាប់ជុំទី១នេះ ដែលបាន​អនុវត្ដន៍ ពីថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។

លោករដ្ឋ​មន្រ្ដីបានបន្ដថា សម្រាប់ប្រជាពលរដ្ឋ ដែលធ្លាប់បានបើករួចហើយនៅខែមិថុនា(ជុំទី១) ក៏​សូមអញ្ជើញ​ទៅ​បើកជុំទី២ នៅថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ដែលនេះ​ជាការបើកក្នុងខែទី២ (ជុំទី២) របស់រាជរដ្ឋាភិបាលកម្ពុជា នៅតាមបណ្តាភ្នាក់ងារ​វីង​តែម្តង មិនចាំបាច់ទៅឃុំ សង្កាត់ទៀតទេ។

សូមបញ្ជាក់ថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ ត្រូវមានប័ណ្ណសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ ក្រ កម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់​ប្រាក់​ជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅសាលាឃុំ សង្កាត់៕