រដ្ឋមន្ត្រី​ប្រេ​ស៊ី​ល​២​រូប​ទៀត​ ធ្វើ​តេ​ស្តិ៍​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 July, 2020 ក+ ក-

​ប្រេ​ស៊ី​ល ៖ សមាជិក​២​រូប​នៃ​គណៈរដ្ឋមន្ត្រី​របស់​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Jair Bolsonaro បាន​និយាយថា​ពួកគេ​បាន​ឆ្លង COVID-១៩ កាលពី​ថ្ងៃ​ច័ន្ទ​។ ​នេះ​បើ​យោងតាម​ប្រភពពី​ស៊ិន​ហួរ​។​

​ដ្ឋ​មន្ត្រី​ក្រសួង​ពលរដ្ឋ​លោក Onyx Lorenzoni និង​រដ្ឋមន្ត្រីក្រសួង​អប់រំ​ដែល​ទើប​តែងតាំង​ថ្មី​លោក Milton Ribeiro បានប្រកាស​ពី​ការធ្វើ​រោគវិនិច្ឆ័យ​នេះ​និង​វិធានការ​នៅ​ដាច់ដោយឡែក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​ ​លោក Lorenzoni គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់លោក​ប្រធានាធិបតី Jair Bolsonaro ហើយ​បាន​អួតអាង​ថា ​ថ្នាំ​គ្រុនចាញ់ Chloroquine គឺជា​ថ្នាំ​ដែល​អាច​ព្យាបាល​ជំងឺ​កូ​វីដ​បាន​។​

​ចំណែក​លោក Bolsonaro ដែល​ត្រូវបាន​គេ​ដា​ក់នៅ​ដាច់ដោយឡែក​បន្ទាប់ពី​គាត់​ធ្វើតេស្ត​វិជ្ជមាន​ចំពោះ​វីរុស​កូ​រ៉ូ​ណា​បាន​លេបថ្នាំ Hydroxychloroquine​។ ថ្នាំ​ទាំងពីរ​ប្រភេទ​នេះ​ត្រូវបាន​ប្រើ​ដើម្បី​ព្យាបាល​ជំងឺគ្រុនចាញ់​ហើយ​លោក Bolsonaro បាន​ក្លាយជា​អ្នកគាំទ្រ​ពេញទំហឹង​ក្នុងការ​ប្រើ​វា​ដើម្បី​ព្យាបាល​ជំងឺ​កូ​វីដ​បើទោះបីជា​មិនមាន​ភស្តុតាង​រឹងមាំ​ដែលថា​ពួកគេ​អាច​ប្រឆាំងនឹង​ជំងឺ​នេះ​បាន​ក៏ដោយ​។​

​យោងតាម​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃ​ចន្ទ​បាន​បង្ហាញថា មនុស្ស​ជាង​៨០,០០០​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ក្នុងចំណោម​ជាង​២.១​លាន​ករណី​។ ក្រុម​អ្នកជំនាញ​បាន​និយាយថា ចំនួន​ពិតប្រាកដ​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ទំនងជា​ខ្ពស់​ជាងនេះទៅទៀត​ដោយសារតែ​កង្វះ​នៃ​ការធ្វើ​តេស្ត​៕