WHO ៖ ជនជាតិដើម​ភាគតិច កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់បំផុត​ឆ្លង COVID-19
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 July, 2020 ក+ ក-

​ហ្សឺ​ណែវ ៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​កាលពី​ថ្ងៃ​ច័ន្ទ​ទី១៩ ខែកក្កដា​ថា សហគមន៍​ជនជាតិដើម​ភាគតិច​ដែលមាន​ប្រជាជន​ចំនួន​កន្លះ​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក ងាយ​នឹងរង​គ្រោះ​ដោយសារ​ការឆ្លង​ជំងឺ​រាតត្បាត​ថ្មី COVID-19 ដោយសារតែ​លក្ខខណ្ឌ​រស់នៅ​របស់​ពួកគេ​មិនមាន​ភាពល្អប្រសើរ​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​ប្រធាន WHO លោក Tedros Adhanom Ghebreyesus បាន​និយាយថា​គិត​ត្រឹម​ថ្ងៃទី ៦ ខែកក្កដា​មាន​ករណី​ឆ្លង COVID-19 ជាង ៧០០០០ ករណី ក្នុងនោះ​ជាង ២,០០០​នាក់​បាន​ស្លាប់ ត្រូវបាន​រាយការណ៍​នៅក្នុង​ចំណោម​សហគមន៍​ជនជាតិដើម​ភាគតិច នៅក្នុង​តំបន់​អាមេរិក​។​

​លោក​បាន​ថ្លែងប្រាប់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​ពី​ទីស្នាក់ការ​របស់ WHO នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា​“ សហគមន៍​ជនជាតិដើម​ភាគតិច ដែល​កំពុង​រស់នៅក្នុង​ក្រោម ភាពក្រីក្រ​, គ្មាន​ការងារ​ធ្វើ​, ខ្វះ​អាហារ​រូប​ត្ថ​ម្ភ និង​ខ្វះ​ការទំនាក់ទំនង​ពី​ពិភព​ខាងក្រៅ អាច​នឹង​ងាយ​រងគ្រោះ​ជាងគេ​បំផុត ពី​ការឆ្លង​រាតត្បាត COVID-19 ហើយ WHO ពិតជា​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ពី​ផលប៉ះពាល់​លើ​ជនជាតិដើម​ភាគតិច ជាពិសេស​នៅ​តំបន់​អាមេរិក ដែល​កំពុង​បន្ត​ជា​ចំណុចកណ្ដាល​នៃ​ការ ឆ្លង​រាតត្បាត COVID-19។

​ជុំវិញ​បញ្ហា​នេះ​លោក Tedros បាន​ជំរុញ​ឱ្យ​ប្រទេស​ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់​និង​ចាត់វិធានការ​បង្ការ​ចាំបាច់​នានា ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ទប់ស្កាត់ COVID-19 ពោលគឺ​មិនត្រូវ​រង់ចាំ​រហូត​ទាល់​តែមាន​វ៉ាកសាំង​នោះទេ តែ​គឺ​ចាប់ផ្ដើម​ពី​ឥលូវ​តែម្ដង​៕