ថ្ងៃនេះ កម្ពុជារកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២៦នាក់ថ្មីទៀត ខណៈអ្នកជាសះស្បើយមាន៤នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 July, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនព័ត៌មាន ប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២៦នាក់ថ្មីទៀត ដែលសុទ្ធសឹងជាករណីនាំចូល ខណៈអ្នកព្យាបាលជាសះស្បើយមានចំនួន៤នាក់។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន២៦នាក់នេះ ក្នុងនោះជាបុរសជនជាតិខ្មែរ ដែលត្រឡប់មកពីសិក្សានៅរុស្ស៊ី និងប្រទេសអេហ្ស៉ីបចំនួន២៥នាក់ និងម្នាក់ទៀតជាបុរសជនជាតិខ្មែរមកពីប្រទេសកូរ៉េខាងត្បូង ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលរួចរាល់ហើយនៅ មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

បើតាមក្រសួងសុខាភិបាលជំងឺកូវីដ១៩ថ្មីទាំង២៦នាក់នេះ មាន២៥នាក់ធ្វើដំណើរមកពីសិក្សានៅប្រទេសរុស្ស៊ី និងអេហ្ស៊ីប តាមជើងហោះហើរមកពីប្រទេសរុស្ស៊ី ដោយបន្តដំណើរតាមជើងហោះហើរតាមប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ ចំណែកម្នាក់ទៀតជាបុរសជនជាតិខ្មែរ អាយុ៦៥ឆ្នាំ ធ្វើដំណើរប្រទេសកូរ៉េខាងត្បូង ចូលមកកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ សម្រាប់អ្នកដំណើរដែលរួមដំណើរលើយន្តហោះទាំង២ សរុបចំនួន២២៨នាក់ផ្សេងទៀត ត្រូវបានដាក់ធ្វើចត្តាឡីស័ក ដើម្បីតាមដានបន្តទៀត។

ដោយឡែកសម្រាប់អ្នកព្យាបាលជាសះស្បើយចំនួន៤នាក់ ក្នុងនោះមាន៣នាក់ជាបរុសជនជាតិខ្មែរដែលត្រឡប់មកពីប្រទេសអារ៉ាឌីសាអូឌីត និងម្នាក់ទៀតជាបុរសជនជាតិខ្មែរ ដែលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី ។ អ្នកជាសះស្បើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីធ្វើតេស្តអវិជ្ជមាន២លើក៕