ជនជាប់ចោទ កឹម សុខា ដើរ​ហួស​គំនូស​ក្រហម​រង​ការព្រមាន​ពី​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 July, 2020 ក+ ក-

 ​ភ្នំពេញ ៖ តុលាការ​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​បាន​ផ្ញើលិខិត​មួយ​ទៅជូន​លោក កឹម សុខា ខណៈដែល​លិខិត​នោះបាន​ក្រើនរំលឹក​ឲ្យ​ជនជាប់ចោទ​ឈ្មោះ កឹម សុខា ត្រូវគោរពឲ្យ​បាន​ហ្មត់ចត់​ម៉ឺងម៉ាត់​និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​កាតព្វកិច្ច​ដែល​តុលាការ​បាន​តម្រូវ​ដាក់​លើ​ជន ជាប់ចោទ។​

​សូមជម្រាបថា ការ​ក្រើនរំលឹក​របស់​តុលាការ​ខាងលើនេះ ក្រោយ​ពេលដែល​ជនជាប់ចោទ កឹម សុខា បាន​ចុះទៅ​បណ្តា​ខេត្ត​មួយចំនួន​នៅ​កម្ពុជា ហើយ​បាន​ថ្លែងអំណរគុណ​ពលរដ្ឋ​ដែល​បាន មក​ទទួល​ស្វាគមន៍​លោក​ជា​ហូរហែរ​ផងដែរ។​

​គួ​រម្លឹកថា កាលពី​ម្សិលមិញ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​លោក កឹម សុខា បានសរសេរថា “​ខ្ញុំ​សូម​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ ព្រះសង្ឃ និង​បងប្អូន​ជនរួមជាតិ មកពី​រាជធានី ខេត្ត​មួយចំនួន​ដែល​កន្លងមក​បាន​និមន្ត និង​អញ្ជើញ​មក​សួរសុខទុក្ខ​ខ្ញុំព្រះករុណា ខ្ញុំ​នៅ​គេហ ដ្ឋា​ន​ផ្ទាល់ និង​ចំពោះ​ព្រះសង្ឃ​បងប្អូន ដែល​បាន​ស្កាត់ មកជួប​សួរសុខទុក្ខ​ដោយ​សម្តែង​នូវ​មនោសញ្ចេតនា​នឹករលឹក​ក្រៃលែង ចំពោះ​រូបខ្ញុំ នៅពេលដែល​ខ្ញុំ​ធ្វើ ដំណើរ​ទៅតាម​បណ្តា​ខេត្ត​មួយចំនួន​នាពេល​ថ្មីៗ​នេះ ទោះបី​មិនមាន​ការជូនដំណឹង ឬ​ផ្សព្វផ្សាយ​ក៏ដោយ​”​។​

​លោក ​កឹម សុខា ​បង្ហាញ​អារម្មណ៍​ថា នៅតែមាន ក្តី​នឹករលឹក ចង់​ជួប ចង់​ស្តាប់ និង​ចង់​និយាយ​ឆ្លើយឆ្លង​សួរសុខទុក្ខ​ជាមួយ​ពលរដ្ឋ​នៅ​ទីកន្លែង​នានា​បន្តទៀត ឲ្យ​តែមាន​ឱកាស​។​

​ប៉ុន្តែ​តុលាការ​បានចាត់ទុក​ការចុះ​តាម​បណ្តា​ខេត្ត​របស់លោក កឹម សុខា គឺជា​ការបំពាន​ទៅ នឹង​ការសម្រេច​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បានដាក់​ឲ្យ​ជន ជាប់ចោទ កឹម សុខា ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ។ ដូច្នេះ​សកម្ម​ភាពចុះ មូលដ្ឋាន​របស់លោក កឹម សុខា អាច​នឹង​ឈានទៅ​ហួស​ព្រំដែន​ឬ​នាំទៅដល់​ការបំពាន​លើ កាតព្វកិច្ច​នៃ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលា​ការដែល​តម្រូវ​ដាក់​លើ​ជនជាប់ចោទ៕