ភ្លៀងមួយមេធំលាយឡំដោយខ្យល់កន្ត្រាក់បង្កការជន់លិចផ្លូវច្រើនកន្លែង ក្នុងក្រុងព្រេះវិហារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 July, 2020 ក+ ក-

ខេត្តព្រះវិហារ ៖ ភ្លៀងមួយមេធំលាយឡំនិងខ្យល់កន្ត្រាក់ បណ្ដាលឲ្យបាក់ដើមឈើរលំលេីផ្លូវ និងស្ទះលូលិចផ្លូវជាច្រើនកន្លែងក្នុងក្រុងព្រះវិហារ មន្ទីរសាធារណការខេត្ត សហការជាមួយសមត្តកិច្ចចុះអន្តរគមន៍ទាំងយប់។

នៅព្រលប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ ដើមឈើជាច្រើនដើមបានបាក់រលំលើផ្លូវជាតិលេខ ៦២ ជាច្រើនកន្លែង និងផ្លូវជាច្រើនខ្សែទៀត នៅក្នុងក្រុងព្រះវិហារ បានរងការលិចលង់ដោយសារស្ទះលូ ក្រោយហេតុការណ៍ភ្លៀង មួយមេធំលាយ និងឡំខ្យល់កន្ត្រាក់។

ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មិនបង្អង់យូរនោះ ដោយបានចាត់មន្ត្រីជំនាញ សហការជាមួយមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលប៉ាលហាលទាំងយប់ ចុះកាត់ដើមឈើដែលរលំលើផ្លូវជាតិលេខ៦២ ចំនួន៤កន្លែង និងដើរប្រមូលសម្រាមដែលបណ្តាលឲ្យលូស្ទះលិចផ្លូវ ជាច្រើនខ្សែរផងដែរ។

ទន្ទឹមគ្នានោះដែរ លោក សំ លាងទ្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះវិហារ ត្រូវចូលរួមសហការសម្អាតអនាម័យ បរិស្ថាន ដោយមិនត្រូវចោលសម្រាមផ្តេសផ្តាស ពិសេសមិនត្រូវយកសម្រាមដាក់មាត់លូ ដែលធ្វើឲ្យលូស្ទះនោះឡើយ៕ ដោយ ៖ កូវ ប៊ុនហេង