តុលាការខេត្ត​បាត់ដំបង​ចេញ​ដីកា​កោះហៅ​កញ្ញា សា​សា លើក​ទី​២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2015

​បាត់ដំបង​៖ សាលាដំបូង​ខេត្តបាត់ដំបង បានចេញ​ដីកា​កោះហៅ​កញ្ញា ឯក សុជាតា ហៅ​សា​សា ជា​លើក​ទី​២ ឲ្យ​ចូល​បំភ្លឺ​ក្នុង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​កណ្តាល​ក្រុង​បាត់ដំបង កាលពី​យប់​ថ្ងៃទី​០២ ខែសីហា កន្លងទៅ​។​

​ព័ត៌មាន​ពី​សាលាដំបូង​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៣១​ខែសីហា​នេះ​ថា ព្រះរាជអាជ្ញារង​ដីកា​លើក​ទី​២​នេះ​បន្ទាប់ពី​កញ្ញា សា​សា មិន​ចូលខ្លួន​តាម​ដីកា​កោះហៅ​លើក​ទី​១ កាលពី​សប្តាហ៍​មុន ដើម្បី​បំភ្លឺ​ក្នុង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី​។​
​ប្រភព​បន្តថា ដីកា​កោះហៅ​លើក​ទី​២​នេះ ប្រសិនបើ​សា​ម៉ី​ខ្លួន​មិន​ចូលខ្លួន​តាម​ការកំណត់​ទៀត​នោះ ដីកា​លើក​ទី​៣​នឹងត្រូវ​បញ្ជា​ឱ្យ​សមត្ថកិច្ច​នាំខ្លួន​តាម​នី​តិ​វិធី មិនអាច​រំលង​បាន ឡើយ​។​

ប្រភព​បាន​បញ្ជាក់ថា ដីកា​កោះហៅ​ជា​លើក​ទី​២ បាន​បញ្ជូន​មកដល់​អ​យ្យ​ការ​សាលា ដំបូង​ក្រុងភ្នំពេញ​ហើយ រង់ចាំតែ​មន្ត្រី​តុលាការ​ធ្វើ​ទៅតាម​នីតិវិធី ដើម្បី​ឲ្យ​បាន​ដីកា​ទៅ​ដល់ដៃ​សាមីខ្លួន និង​រង់ចាំតែ​កន្ទុយ​ចុងសន្លឹក​ដីកា ត្រឡប់​ទៅវិញ​តែប៉ុណ្ណោះ​។​

​គួរ​រ​ម្លឺ​កថា កញ្ញា សា​សា អតីត​ពិធី​ការិនី​ទូរទស្សន៍ CTN និង​មានរឿង​ប្តឹងផ្តល់​ជាមួយ​លោក សុខ ប៊ុន ត្រូវបាន​គេ​សង្ស័យថា បាន​បើករថយន្ត​ស៊េរី​ទំនើប​របស់​នាង​ម៉ាក Porsche ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-7888 ទៅបុក​អ្នកជិះ​ម៉ូតូ សណ្ដោង​រ៉ឺម៉ក​ដឹក​ទឹកកក នៅវេលា​ម៉ោងជាង​១១:០០​នាទី​យប់​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៥ នៅ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បន្ទាប់ពី​កញ្ញា​សា​សា ដែល​រួម​ដំណើរ​ជាមួយ​នារី​ម្នាក់​ផង ចេញពី​ហាង​ផឹកស៊ី​មួយកន្លែង​យីហោ​តោ​២​។ ករណីនេះ​បានធ្វើ​ឲ្យ​ម្ចាស់​ម៉ូតូ​ឈ្មោះ ទុយ ម៉ោ​ក ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រងរបួស​យ៉ាងធ្ងន់ធ្ងរ​។​

​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ គេ​ឃើញ​មាន​យុវជន​មួយក្រុម​ជិះ​រថយន្ត​ទំនើបៗ បាន​ទៅ​ជម្លៀស​កញ្ញា​សា​សា និង​មិត្តស្រី​របស់​នាង​ម្នាក់ទៀត ចេញពី​កន្លែងកើតហេតុ ដោយ​មិន​ទទួលខុសត្រូវ​ឡើយ តែមាន​យុវជន​ម្នាក់​បានចេញ​មុខមក​ដោះស្រាយ​សំណង​ជាមួយ​ជនរងគ្រោះ​ជំនួស​កញ្ញា​សា​សា ដើម្បី​បញ្ចប់រឿង​ក្រៅ​ប្រព័ន្ធ​ច្បាប់​៕

njhjbbb