វ៉ាក់សាំង COVID-19 ចំនួន៣កំពុងស្ថិតក្នុងការអភិវឌ្ឍ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 July, 2020 ក+ ក-

ឈីកាហ្គោ ៖ សារព័ត៌មាន CNA ចេញផ្សាយថា ទិន្នន័យអំពីការអភិវឌ្ឍវ៉ាក់សាំង COVID-19 ចំនួនបី បាននិងកំពុងអភិវឌ្ឍន៍បណ្តើរៗសម្រាប់មនុស្សជាតិលើផែនដី ខណៈការធ្វើតេស្តនានាកន្លងមកបានបង្ហាញថា វ៉ាក់សាំងទាំងនេះអាចដាស់ប្រព័ន្ធភាពសុំាឲ្យមានសមត្ថភាពទប់ទល់វីរុសកូរ៉ូណាថ្មីបាន ដោយមិនបង្កផលប៉ះពាល់ ដល់សុខភាពរបស់មនុស្សឡើយ។

សារព័ត៌មានដដែលបញ្ជាក់ថា ពីរក្នុងចំណោមវ៉ាក់សាំងកំពុងស្ថិតក្នុងការអភិវឌ្ឍចំនួនបីនោះ គឺមួយជារបស់ក្រុមហ៊ុនផលិតឱសថអាស្ត្រាហ្សេណេកា (AstraZeneca) និងមួយរបស់សាកលវិទ្យាល័យអុកស្វដ (Oxford) ដែលស្ថាប័នទាំងពីរនេះ ស្ថិតនៅក្នុងចក្រភពអង់គ្លេសដូចគ្នា ក្រោយការធ្វើតេស្តប៉ុន្មានដំណាក់កាលមកហើយ បានបង្ហាញឲ្យឃើញថា វ៉ាក់សាំងបានដាស់ប្រព័ន្ធភាពសុំារបស់ក្រុមអ្នកទទួលការធ្វើតេស្ត ឲ្យងើបឡើងទប់ទល់វីរុសកូរ៉ូណាថ្មី (COVID-19) បន្ទាប់ពីការចាក់វា បញ្ចូលទៅក្នុងខ្លួនម្នាក់ៗចំនួន ២ដូស (dose) ដោយគ្មានផលប៉ះពាល់ដល់សុខភាព។

ដោយឡែកវ៉ាក់សាំងកំពុងស្ថិតនៅក្នុងការអភិវឌ្ឍមួយទៀតនោះ គឺជារបស់ស្ថាប័នស្រាវជ្រាវឱសថនៃយោធាចិន និងក្រុមហ៊ុនខេនស៊ីណូបាយអូឡូជីក (CanSinoBiologics) ព្រោះក្រោយពីការចាក់វ៉ាក់សាំងនេះទៅលើ អ្នកស្ម័គ្រចិត្តប្រកបដោយសុខភាពល្អចំនួន ៥០៨នាក់ ភាគច្រើនក្នុងចំណោមពួកគេ មានការអភិវឌ្ឍប្រព័ន្ធភាពសុំា ដែលអាចទប់ទល់នឹងវីរុសកូរ៉ូណាថ្មីបាន ហើយក៏មិនមានបញ្ហាដល់សុខភាពនោះដែរ។

ទោះបីជាយ៉ាងណា ក្រុមអ្នកជំនាញនៅសាកលវិទ្យាល័យអាមេរិក ចន ហប់ឃីន (Johns Hopkins) ដូចជាលោក ណាអ័រ បាហ្ស៊ីវ (Naor Bar-Zeev) និងលោក វីលៀម ម៉ូស (William Moss) ជាដើមបានលើកឡើងដូចៗគ្នាថា លទ្ធផលពីការធ្វើវ៉ាក់សាំងរបស់អង់គ្លេស និងចិនខាងលើនេះ គឺមានលក្ខណៈទូលំទូលាយ និងជាក្តីសង្ឃឹមដូចគ្នា។

សូមជម្រាបថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៥,០៨១,០៥៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦១៨,៤១១នាក់ និងជាសះស្បើយឡើងវិញ ៩,១០២,៥៨០នាក់៕