រដ្ឋបាលខេត្តព្រះវិហារ ប្រជុំពិនិត្យសេចក្តីព្រាងប្រតិទិនវិនិយោគបីឆ្នាំរំកិល២០២០-២០២២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 July, 2020 ក+ ក-

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសជាច្រើនរូប ។

លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា ថ្ងៃនេះក្រុមការងារកសាងផែនការរបស់រដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០-២០២២) ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងប្រតិទិនការងារសម្រាប់រៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) និងពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងណែនាំស្តីពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) ឲ្យសម្រេចបានជោគជ័យ ។

លោក ក៏បានផ្តល់ចំណាប់អារម្មណ៍មួយចំនួនដែលពាក់ព័ន្ធនឹងការងារ និងទិសដៅការងារសម្រាប់អនុវត្តនៅឆ្នាំបន្តបន្ទាប់ ដោយជម្រុញអោយ លោក លោកស្រី ជាប្រធានមន្ទីរអង្គភាពនានា អនុវត្តន៍គម្រោងនីមួយៗអោយចប់តាមការកំណត់ ដោយធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានជិតស្និទ្ធ និងត្រូវប្រើប្រាស់អោយអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិ តាមរយៈក្រសួង ឬធនធានពីដៃគូរនានា ដើម្បីបន្តការអភវិឌ្ឍន៍ជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង ៕ ដោយ ៖ កូវ ប៊ុនហេង