ចិនព្រមានសងសឹក ក្រោយអាមេរិកបង្គាប់ឱ្យខ្លួនបិទស្ថានកុងស៊ុល ក្នុងទីក្រុង Houston
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 July, 2020 ក+ ក-

ប៉េកាំង ៖ រដ្ឋាភិបាលចិនកាលពីថ្ងៃពុធម្សិលមិញបានព្រមានចាត់វិធានការសងសឹក បន្ទាប់ពីសហរដ្ឋអាមេរិកបានបង្គាប់ឱ្យខ្លួនបិទស្ថានកុងស៊ុលនៅក្នុងទីក្រុង Houston ដោយ ទីក្រុងវ៉ាស៊ីនតោន អះអាងថាដើម្បីការពារកម្មសិទ្ធិបញ្ញា និងព័ត៌មានឯកជនរបស់ប្រជាជនអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា សហរដ្ឋអាមេរិក បានបង្គាប់ឱ្យចិនបិទស្ថានកុងស៊ុលរបស់ខ្លួន នៅក្នុងទីក្រុង Houston នៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយលោកបានចាត់ទុកថាការសម្រេចចិត្តនេះគឺជាការបង្ករឿងមិនធ្លាប់មានពីមុនមក។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន លោក Wang បានគូសបញ្ជាក់ដូច្នេះថា៖ «ចិនបានស្នើឱ្យសហរដ្ឋអាមេរិក លុបចោលការសម្រេចចិត្តខុសមួយនេះ…ប៉ុន្តែបើសហរដ្ឋអាមេរិក មិនយល់ព្រមទេ នោះចិននឹងចាត់វិធានការ វាយបកទៅវិញ»។ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បន្ថែមទៀតថា ទីក្រុងប៉េកាំង បានបង្ហាញឆន្ទៈដ៏ល្អទៅកាន់មន្ត្រីទូតអាមេរិក នៅក្នុងប្រទេសចិន និងបាន លើកកម្ពស់ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក តាមរយៈមន្ត្រីទូតចិន ប្រចាំសហរដ្ឋអាមេរិក។

បើតាមលោក Wang Wenbin ស្ថានទូត និងស្ថានកុងស៊ុលចិន នៅក្នុងសហរដ្ឋអាមេរិក បានទទួលសារគំរាមសម្លាប់ និងបំផ្ទុះគ្រាប់បែក កាលពីពេលថ្មីៗនេះ តែលោកមិនបានផ្ដល់ព័ត៌មានអ្វីលម្អិតនោះទេ ជុំវិញបញ្ហានេះ។

សូមជម្រាបថា ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកបានធ្លាក់ចុះកាលពីឆ្នាំមុន ដែលចាប់ផ្តើមដោយការធ្វើសង្រ្គាមពាណិជ្ជកម្ម ឈានរហូតដល់ការចោទប្រកាន់គ្នាអំពីប្រភពករណីនៃការរីករាលដាលចម្លងមេរោគកូវីដ១៩ និងការរិះគន់របស់សហរដ្ឋអាមេរិកចំពោះការរំលោភសិទ្ធិមនុស្សរបស់ចិន នៅហុងកុង និងខេត្តស៊ីនជាំង៕