រុស្ស៊ី​ប្រកាស​ជោគជ័យលើ​វ៉ាក់សាំង​​កូ​វីដ ១៩ និង​ចាប់ផ្តើម​ផលិត​ពី​ខែសីហា​តទៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 July, 2020 ក+ ក-

បរទេស ៖ យោងតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន TASS របស់​ប្រទេស​រុស្ស៊ី​បាន​ចុះផ្សាយ​ថា ប្រទេស​នេះ​នឹង​ផ្តើម​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ១៩ជា​ផ្លូវការ ចាប់​ខែសីហា​តទៅ ក្រោយ​ទទួលបាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល។

​សរ​ព័ត៌មាន TASS បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​រុស្ស៊ី​បាន​អះអាងថា វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់ខ្លួន​បាន​រួចរាល់​ជា​ផ្លួ​វ​ការ​ហើយ ក្នុងពេលដែល​លោក Ruslan Tsalikov អនុរដ្ឋមន្ត្រី​ការពារជាតិ បាន​ប្រាប់​អ្នក​សារ​ព័លោ​កថា ក្នុង​បេស​សកម្ម​ស្រាវជ្រាវ និង​ផលិត​វ៉ាក់សាំង កង​យោធា​រុស្ស៊ី បាន​ប្រើប្រាស់​បច្ចេកវិទ្យា​បែប​វិទ្យាសាស្ត្រ​ប្រកបដោយ​សក្តានុពល និង​គួបផ្សំ​បទពិសោធ​យ៉ាងច្រើន​នាពេល​កន្លងមក ជាក់ស្តែង​ដូចជា​ពួកគេ​ធ្លាប់​ជោគជ័យ​ជាមួយ​វ៉ាក់សាំង​ប្រឆាំង​វីរុស Ebula ដូចគ្នា​។​

​ទន្ទឹម​នោះ​ក្រុមហ៊ុន​ជីវសាស្ត្រ​រុស្ស៊ី ទទួលបាន​សិទ្ធិ​ចាប់ផ្តើម​ផលិត​វ៉ាក់សាំង​នេះ ចាប់ពី​ខែសីហា​តទៅ ហើយ​បើតាម​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី លោក Kirill Dmitriyev ប្រធាន​មូលនិធិ​វិនិយោគ​ផ្ទាល់​ក្នុងប្រទេស​រុស្ស៊ី RDIF និយាយថា ដំណាក់កាល​សាកល្បង​ក្នុងប្រទេស​ខ្លួន នឹង​បញ្ចប់​ដោយ​ជោគជ័យ​នា​ថ្ងៃទី​៣ សីហា ឆ្នាំ​២០២០​ខាងមុខនេះ ៕