សម្តេចតេជោ ៖ កម្ពុជាមានមាស ៣៦,៥តោន ជាទុនបំរុងរបស់ជាតិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 July, 2020 ក+ ក-

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែកក្កដានេះ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមថា មួយរយៈពេលចុងក្រោយនេះមានពលរដ្ឋមួយចំនួន ចង់ដឹងអំពីមាសដែលជាទុនបំរុងរបស់ជាតិ។

សម្តេចថា ការចង់ដឹងរបស់បងប្អូនមួយចំនួនធំមានភាពសុច្ចរិត ពីព្រោះវាជារបស់ជាតិ តែនៅមានជនអាក្រក់មួយចំនួនតូចបាននិងកំពុងប្រើប្រាស់ការបាត់ បង់ដំណឹងអំពីមាស ដើម្បីវាយប្រហាររាជរដ្ឋាភិបាលថា ចង់បន្លំយកមាស ក្នុងពេលមានជំងឺឆ្លងកូវីត១៩ ព្រោះមិនដែលឮលោក ហ៊ុន សែននិយាយពីមាសនេះទៀតទេ។

ដើម្បីច្បាស់ពីមាស សម្តេចតេជោ បានសូមឱ្យមើលការពន្យល់របស់ធានាគារជាតិកម្ពុជានោះ ពលរដ្ឋប្រាកដជាយល់ និងអបអរសាទរជាមួយទុនបំរុងរបស់ជាតិយើងដែលកើនឡើងជាលំដាប់។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា “ប្រហែលមួយឆ្នាំមុន ខ្ញុំធ្លាប់ប្រកាសថា មាសរបស់យើង មាន ៣០តោន តែតាមតួរលេខថ្មីនេះ មាសរបស់យើងមានដល់៣៦,៥តោន។ នេះមិនមែនជាមាយាទ
ស្រីកញ្ជើរធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ជាតិនោះទេ” ។

យោងតាមសេចក្តីបំភ្លឺរបស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា មាសដែលជាកេរ្តិ៍មរតកតាំងពីមុនសម័យសង្គ្រាមនេះ ចំនួន ១២.៤តោន កំពុងរក្សាទុកនៅប្រទេសស្វីស, ១៤.១តោន កំពុងវិនិយោគនៅធនាគារកណ្តាលអង់គ្លេស ហើយមាស ១០តោន ត្រូវបានរក្សាទុកនៅកម្ពុជា។

ក្នុងសេចក្តីបំភ្លឺរបស់ធានាគារជាតិ ក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្នកម្ពុជា ក៏មានទុនបម្រុងអន្តរជាតិប្រមាណជា ១៩.៥ប៊ីលានដុល្លារផងដែរ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២០៕