ករណី​ឆ្លងCOVID-19 នៅ​អាមេ​រិ​ក​កើន​លើស​៤លាន​ករណី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 July, 2020 ក+ ក-

​អាមេរិក ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានបញ្ជាក់​ថា ពី​ការឆ្លង COVID-19 សរុប​លើស​៤​លាន​នាក់​ចាប់តាំងពី​ករណី​អាមេរិក​ដំបូង​ត្រូវបាន​បញ្ជាក់​នៅក្នុង​ខែមករា​ដែល​នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​ការកើនឡើង​យ៉ាងគំហុក​នៃ​ជំងឺ​រាតត្បាត​ទូទាំងប្រទេស​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​របាយការណ៍​បាន​បង្ហាញថា​ សហរដ្ឋអាមេរិក​បាន​ចំណាយពេល ៩៨ ថ្ងៃ​ដើម្បី​ឈានដល់​មួយ​លាន​ករណី​ដំបូង​នៃ​វីរុស​នេះ​ប៉ុន្តែ​ចំណាយពេល​ត្រឹមតែ​១៦​ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​ការកើនឡើង​ពី​៣​លាន​ដល់​៤​លាន​ករណី​។ ចំនួន​សរុប​នេះ​បាន​បង្ហាញថា ជនជាតិ​អាមេរិក​យ៉ាងតិច​ម្នាក់​ក្នុងចំណោម​៨២​នាក់​បាន​ឆ្លង​ជំងឺ​រាតត្បាត​នេះ​។​

​ចំនួន​ករណី​ឆ្លងមធ្យម​បច្ចុប្បន្នកំពុង​កើនឡើង​ជាង​២៦០០ នាក់​ក្នុង​មួយ​ម៉ោង​ដែលជា​អត្រា​ខ្ពស់បំផុត​នៅលើ​ពិភពលោក​។​កាលពី​ថ្ងៃ​ពុធ ការស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​បាន​កើនឡើង​ជាង​១,១០០​នាក់​សម្រាប់​ថ្ងៃទី​ពីរ​ជាប់ៗ​គ្នា​ដែល​រួមមាន​ទាំង​ការកើនឡើង​នូវ​ចំនួន​អ្នកស្លាប់​ប្រចាំថ្ងៃ​ក្នុង​កម្រិត​កំណត់ត្រា​នៅ​រដ្ឋ Alabama, California, Nevada និង Texas ផងដែរ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ចំនួន​អ្នកស្លាប់​ប្រចាំថ្ងៃ​នៅតែ​ទាប​ជាង​កម្រិត​ដែល​គេ​បាន​មើលឃើញ​នៅក្នុង​ខែមេសា​នៅពេលដែល​មនុស្ស​ជា​មធ្យម​២,០០០​នាក់​ក្នុង​មួយថ្ងៃ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩៕