ចិន​បញ្ជា​ឲ្យ​បិទ​ស្ថាន​កុងស៊ុល​អាមេរិក​នៅទីក្រុង ​Chengdu ​ជាការ​សងសឹក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 July, 2020 ក+ ក-

ប៉េកាំង ៖ អាជ្ញាធរ​ប្រទេស​ចិន​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​បញ្ជា​ឱ្យ​សហរដ្ឋអាមេរិក​បិទ​ស្ថាន​កុងស៊ុល​របស់ខ្លួន ប្រចាំ​ទីក្រុង Chengdu ខេត្ត​ស៊ី​ឈួន ដើម្បី​ជាការ​សងសឹក​ចំពោះ​ទង្វើ​របស់​ទីក្រុង​វ៉ាស៊ីនតោន ដែល​បាន​បញ្ជា​ឱ្យ​បិទ​ស្ថាន​កុងស៊ុល​ចិន នៅ​ទីក្រុង Houston រដ្ឋ Texas កាលពីដើម​សប្តាហ៍​នេះ​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​ក្រសួងការបរទេស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ការបញ្ជា​ឲ្យ​បិទ​ស្ថាន​កុងស៊ុល អាមេរិក​នៅ​ទីក្រុង Chengdu គឺជា​ការឆ្លើយតប​ស្របច្បាប់​និង​ចាំបាច់​ចំពោះ​វិធាន​ការមិន​សម​ហេតុផល​របស់​សហរដ្ឋ​អាមេរិក​ដែល​ធ្វើ​មកលើ​ចិន​។​

​ក្រសួងការបរទេស​ចិន​បាន​ជូនដំណឹង​ដល់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ចិន​អំពី​ការសម្រេចចិត្ត​បិទ​អគ្គ​កុងស៊ុល​អាមេរិក​ប្រចាំ​ទីក្រុង Chengdu​។ ចិន​និយាយថា ស្ថានភាព​បច្ចុប្បន្ន​នៅក្នុង​ទំនាក់ទំនង​ចិន​-​អាមេរិក គឺ​មិនមែនជា​អ្វីដែល​ប្រទេស​ចិន​ចង់ឃើញ​នោះទេ ប៉ុន្តែ​បញ្ហា​ទាំងអស់​គឺ​អាមេរិក​ជា​អ្នក​បង្កឡើង​។​

​សូមជម្រាបថា ចំណងទាក់ទង​រវាង​អាមេរិក​និង​ចិន បាន​ឈានដល់​ដំណាក់កាល​កាន់តែ​យ៉ាប់យ៉ឺនៗ ដោយសារ​បញ្ហា​មួយចំនួន​រាប់​ចាប់ពី ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ការធ្វើ​ពាណិជ្ជកម្ម​របស់​ទីក្រុង​ប៉េកាំង ក៏ដូចជា​សកម្មភាព​ទាមទារ​ទឹកដី​របស់​ទីក្រុង​ប៉េកាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។​

​បន្ថែម​ពីលើ​នេះ​ទីក្រុង​វ៉ាស៊ីនតោន​បានដាក់​សម្ពាធ​មកលើ​ប្រទេស​ចិន​មួយកម្រិត​ទៀត តាមរយៈ​ការប្រកាស​ទុកពេល​៧២​ម៉ោង​ដើម្បីឱ្យ​ទីក្រុង​ប៉េកាំង​បិទ​ស្ថាន​កុងស៊ុល​របស់ខ្លួន​នៅ​ទីក្រុង Texas ដោយ​ចោទប្រកាន់​ពីបទ​លួច​កម្មសិទ្ធិបញ្ញា និង​ការប្រព្រឹត្ត​អំពើ​ចារកម្ម​ផ្សេងទៀត​៕