ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ថ្មី ​ជិត​៥០,០០០​នាក់ក្នុង១ថ្ងៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 July, 2020 ក+ ក-

​ញូ​ដេលី ៖ អាជ្ញាធរ​សុខាភិបាល​ឥណ្ឌា​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ បាន​កត់ត្រា​ចំនួន​ករណី​ឆ្លង​ថ្មីៗ​នៃ​ជំងឺ COVID-19 រហូតដល់ ៤៩,៣១០​ករណី និង​អ្នកស្លាប់​ថ្មីៗ​ចំនួន ៧០៤​នាក់​បន្ថែមទៀត​ក្នុង​រយៈពេល​២៤​ម៉ោង​នៅ​ទូទាំងប្រទេស​។ នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​ប្រការនេះ​បានធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប នៅ​ទូទាំងប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​កើន​ដល់​ជាង ១,២៨៧,៩០០​ករណី ដោយ​ក្នុងនោះ​អ្នកជំងឺ​សរុប​ជាង ៣០,៦០០​នាក់​ស្លាប់ និង​ជាង ៨១៧,២០០​នាក់​ទៀត បានជា​សះស្បើយ​ឡើងវិញ​។​

​អត្រា​អ្នក​ឆ្លង និង​ស្លាប់​ប្រចាំថ្ងៃ​ដោយសារ COVID-19 នៅ​ប្រទេស​ឥណ្ឌា គឺមាន​ការកើនឡើង​ជា​លំដាប់ ហើយ​គ្មាន​សញ្ញា​ថា នឹង​អាច​ថមថយ​នៅឡើយ​ទេ ខណៈ​ប្រទេស​ដែលមាន​ចំនួន​ប្រជាជន​ប្រមាណ ១.៣​ពាន់​លាន​មួយ​នេះ កំពុង​ឈរ​នៅ​លំដាប់ថ្នាក់​លេខ ៣ ក្នុងចំណោម​បណ្តា​ប្រទេស ដែលមាន​ចំនួន​អ្នក​ឆ្លង​ច្រើនជាងគេ​បំផុត នៅ​ទូទាំង​សកលលោក បន្ទាប់ពី​សហរដ្ឋអាមេរិក និង​ប្រេ​ស៊ី​ល​៕