នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ អំពាវនាវដល់មន្រ្តីជួរមុខប្រឆាំង កូវីដ-១៩​បន្តជួយផ្សព្វផ្សាយបញ្ហាគ្រឿងញៀន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 July, 2020 ក+ ក-

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​អំពាវនាវដល់មន្រ្តីជួរមុខប្រឆាំងកូវីដ-១៩​ និងព្រះសង្ឃបន្តជួយផ្សព្វផ្សាយបង្ការបញ្ហាគ្រឿងញៀន។ ការអំពាវនាវបែបនេះ​ ខណៈដែលលោកអញ្ជើញជាអធិបតី​ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​នៅថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០​ ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី​តំណាងក្រសួង-ស្ថាប័នជាអនុប្រធាន​ សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងឯកឧត្តម​ លោកជំទាវ​ ជាតំណាងស្ថាប័ន​ អង្គភាពអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងគណ:កម្មការផ្សព្វផ្សាយអប់រំ​ នៃគណ:កម្មការចម្រុះនិងលេខាធិការដ្ឋានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានប្រសាសន៍ថា​ ក្រសួងសុខាភិបាល​ ក្រសួងផែនការ​ ក្រសួងសង្គមកិច្ច​ ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ និងព្រះសង្ឃ​ ដែលជាសកម្មជនជួរមុខក្នុងការផ្សព្វផ្សាយបង្ការជំងឺកូវីដ-១៩​ សូ​មបន្តយកចិត្តទុកដាក់បញ្រ្ជាបខ្លឹមសារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានសកម្មថែមទៀត​ ដេីម្បីបង្ការការរីករាលដាលជំងឺកូវីដ-១៩​ និងបញ្ហាគ្រឿងញៀន​ចូលទៅក្នុងសហគមន៍។

ក្នុងឱកាសនោះ​ដែរ​ នាយឧត្តមសេនីយ៍​ក៏បានជំរុញដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវពិនិត្យ និងរឹតបន្តឹងបន្ថែមទៀត ដល់ក្រុមអ្នកបើកបររថយន្តដឹកជញ្ជូនធំៗ បន្ទាប់ពីពិនិត្យឃើញថា អ្នកបើកបរទាំងនោះមានសារធាតុញៀនគ្រឿងញៀន រហូតដល់២៥ ទៅ៣០ភាគរយក្នុងរយៈពេល០៦ខែ ដើមឆ្នាំនេះ គឺមានអ្នកបើកបររថយន្ត រហូតដល់ជាង ២,០០០នាក់ ហើយក្នុងនោះប្រហែលជិត៧០០នាក់ ពិនិត្យឃើញនូវសារធាតុញៀន ។

ជាមួយនេះ​នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានណែនាំដល់ឱ្យគ្រប់ក្រសួងស្ថាប័នទាំងអស់បង្កើនសកម្មភាពផ្សព្វផ្សាយអប់រំ​តាមផេកថ្នាក់ដឹកនាំ​បោះពុម្ពឯកសារ​ផ្សព្វផ្សាយ​ អង្គភាពពាក់ព័ន្ធនៅមូលដ្ឋានត្រូវចុះអង្កេត​ អប់រំ​ ដល់គោលដៅងាយរងគ្រោះ​ ធ្វើកាតបណ្តុះបណ្តាល​ដល់ម្ចាស់អាជីវកម្ម​ រោងចក្រ​ ពង្រឹងប្រសិទ្ធភាពការងារព្យាបាលអ្នកញៀនគ្រឿងញៀននៅតាមមណ្ឌលសុខភាពឃុំ​សង្កាត់ទាំង៣៥០កន្លែង​ បង្កើតក្រុមការងារសម្របសម្រួលអ្នកញៀនគ្រឿងញៀនទៅទទួលយកសេវា​ព្យាបាល​ និងពង្រឹងយន្តការភូមិ​ ឃុំ​ សង្កាត់សគ្មានគ្រឿងញៀន​នៅតាមព្រំដែន៕