កម្ពុជា​នឹងមាន​ទំនិញ​ជាង​៣០០​មុខ​នាំទៅ​ចិន ​ក្នុងនោះ​៩៥% ​មិន​ជាប់ពន្ធ​នៅពេល ​FTA ​ចូល​ជា​ធរមាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 July, 2020 ក+ ក-

​ភ្នំពេញ ៖ កម្ពុជា​នឹងមាន​ទំនិញ​ជាង​៣០០​មុខ​នាំទៅ​ចិន ក្នុងនោះ​៩៥% ​មិន​គិត​ពន្ធ​នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ ភាគី​កម្ពុជា​ចិន ​(FTA) ​ចូល​ជា​ធរមាន នៅ​ដើមឆ្នាំ​២០២១​ខាងមុខ។ នេះ​បើ​យោងតាម​ការអះអាង​រួមគ្នា​របស់​មន្ត្រីជាន់ខ្ពស់​មកពី​ក្រសួងពាណិជ្ជកម្ម នៅក្នុង​សន្និសីទ​សារព័ត៌មាន​រៀបចំ​ដោយ​ទីស្ដីការគណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០​នេះ។​

​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក សុខ សុ​ភ័​ក្រ បាន​ថ្លែងថា ទំនិញ​ជាង​៣០០​មុខ​ដែល​ត្រូវ​នាំទៅ​ចិន​ភាគច្រើន​គឺជា​ផ​លិ​ផល​កសិកម្ម និង​ផលិតផល​សម្រេច​ចេញពី​ឧស្សាហកម្ម​កែច្នៃ​។ ក្នុងចំណោម​មុខទំនិញ​ជាង​៣០០​មុខ​នេះ គឺ​ផលិតផល​កសិកម្ម​៩៥​ភាគរយ​ត្រូវបាន​រួច​ពន្ធ​សម្រាប់​ការនាំ​ចេញទៅ​ចិន​ដូចជាៈ​ម្រេច ម្ទេស​ក្រៀម ផ្លែឈើ ត្រី​សាច់ ជាដើម​។ ចំណែក​មុខទំនិញ ដែល​ចិន​គិត​ពន្ធ​ពី​ក​កម្ពុជា គឺជា​ប្រភេទ​គ្រឿងចក្រ និង​យានយន្ត​ផ្សេងៗ​។ លោក​ថា មូលហេតុ​ដែល​ចិន គិត​ពន្ធ​លើ​មុខទំនិញ​ទាំងនេះ​ដោយសារ​ចិន មិន​ចង់ឱ្យ​ការ​នាំចូល​ទីផ្សារ​ខ្លួន ប៉ះពាល់​ផលិតផល​ក្នុងស្រុក​។​

លោក សុខ សុភ័ក្ត្រ បាន​បញ្ជាក់ដែរថា កាលពីមុន មុខទំនិញ​ដែល​ប្រទេស​កម្ពុជា នាំចូល​ទៅកាន់​ប្រទេស​ចិន រួមមាន​៖ ម្រេច ត្រូវ​ភាគី​ចិន យកពន្ធ ២០​ភាគរយ ប៉ុន្តែ ក្រោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ចូល​ជា​ធរមាន​នោះ ម្រេច​កម្ពុជា​ត្រូវបាន បញ្ចុះ​ពន្ធ ០% បន្ថែម​ពីនេះ​សម្រាប់​ម្រេច​ក្រៀម​ដែល​ប្រជាកសិករ​ដាំ​បានន​ភ​ខេត្តតាកែវ ក៏ត្រូវ​បាន​ចុះ​ពន្ធ​០% បូករួម​ទាំង​ម្ទេស​ក្រៀម​ជាដើម។​

​មន្ត្រីជាន់ខ្ពស់​រូបនេះបាន​បន្តថា ក្រៅពី​មុខទំនិញ​ទាំងនេះ កម្ពុជា​ក៏​អាច​នាំចេញ​ត្រី សាច់ គ្រំ ខ្យង ក្តាម ព្រមទាំង​ផលិត​មួយចំនួនធំ​ទៀត ទៅកាន់​ប្រទេស​ចិន​ផងដែរ​។​

​ចំពោះ​ការឆ្លើយតប​ទៅនឹង​ការលើកឡើង​ដែលថា ចិន​ចំណេញ​ជាង​កម្ពុជា ពី​កិច្ច​ព្រម​ព្រៀម​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នោះ លោកបាន​គូសបញ្ជាក់ថា គ្មាន​នរណា​ចំណេញ​ជាង​នរណា​ឡើយ​ក្នុង​កិច្ចព្រមព្រៀង​នេះ​។ លោកថា ទោះជា​គ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក៏​កម្ពុជា​ត្រូវតែ​នាំ​ទំនិញ​មកពី​ចិន​ដដែល​។ ផ្ទុយទៅវិញ​កម្ពុជា​ទទួល​បានការ​អនុគ្រោះ​ក្នុងការ​នាំចេញ​ទំនិញ​ទៅ​ចិន​ដោយ​មិន​គិត​ពន្ធ​ប្រមាណ​៩៥% ឯណោះ។ បន្ថែម​លើ​នេះ​ប្រយោជន៍​ដែល​កម្ពុជា​ទទួលបាន​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​គឺ​ការនាំចេញ​ទំនិញ​ទៅ​ចិន​អាចមាន​ការកើនឡើង​២៥​ភាគរយ៕