ថ្ងៃនេះ ចិនរកឃើញករណីឆ្លង COVID-19 ថ្មី ជាង​១០០នាក់ទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 July, 2020 ក+ ក-

ចិន ៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន១០១ករណីបន្ថែម នៅក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញ ដែលជាចំនួនច្រើនបំផុត​មិនធ្លាប់កើតមានប៉ុន្មានខែមកហើយ។ នេះបើតាមសារព័ត៌មាន CNA។

គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីៗខាងលើនេះ ៩៨ករណីបានឆ្លង COVID-19 ក្នុងស្រុក ចំណែកឯ ០៣ករណីទៀតជាករណីនាំចូលពីបរទេស ហើយក្នុងករណីឆ្លងថ្មីទាំងនេះអ្នកជំងឺ ២៧នាក់មិនមានចេញរោគសញ្ញានោះទេ។

តាមរយៈវិធានការរឹតត្បិតរួមមាន ការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរទាំងអស់, ការអនុវត្តគម្លាតសុវត្តិភាព, កម្មវិធីធ្វើតេស្តរក COVID-19 ទ្រង់ទ្រាយធំ និងជាពិសេសការបិទទីក្រុងទាំងមូល ប្រទេសចិនអាចគ្រប់គ្រង​ការឆ្លងរីករាលដាលនៃវីរុសនេះ​បានយ៉ាងជោគជ័យ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការផ្ទុះឡើងវិញបានបង្កឲ្យមានការព្រួយបារម្ភជាខ្លាំង។

សូមជម្រាបថា គិតត្រឹមថ្ងៃអង្គារម្សិលមិញ ប្រទេសចិនមានករណីឆ្លងសរុបចំនួន៨៤,០៦០ករណី ក្នុងនោះ ៤,៦៣៤នាក់បានស្លាប់ និងជាង ៧៨,០០០នាក់ជាសះស្បើយ៕