ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង១៧លាននាក់ ស្លាប់ជិត៦៧ម៉ឺននាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 July, 2020 ក+ ក-

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧,១៦២,៧១៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៦៩,០៩៦នាក់ និងជាសះស្បើយឡើងវិញ ១០,៦៧២,៧៧៩នាក់។

គេហទំព័រដដែលបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៥៦០,២៣៥នាក់ ស្លាប់ចំនួន ១៥៣,៥៨១នាក់ និងជាសះស្បើយចំនួន ២,២២៣,០០០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២,៥៥៥,៥១៨នាក់ ស្លាប់ចំនួន ៩០,១៨៨នាក់ និងជាសះស្បើយ ១,៧៨៧,៤១៩នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១,៥៨៤,៣៨៤នាក់ ស្លាប់ ៣៥,០០៣នាក់ និងជាសះស្បើយ ១,០២១,៦១១នាក់៕