ថ្ងៃនេះ អ្នកជំងឺកូវីដ១៩ចំនួន២នាក់ទៀតបានជាសះស្បើយ គ្មានអ្នកឆ្លងថ្មីទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន០២នាក់ ហើយគ្មានរកឃើញអ្នកឆ្លងថ្មីនោះទេ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជាសះស្បើយទាំង០២នាក់រួមមានស្ត្រីជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាសយដ្ឋាននៅគីឡូលេខ៩ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គាត់បាន ធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងបុរសជនជាតិខ្មែរអាយុ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែត ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី ត្រូវបានព្យាបាលជាសះឡើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕