ត្រាំ ស្នើ​លើក​ថ្ងៃ​បោះឆ្នោត ​ក្រោម លេសបោះឆ្នោត​ក្នុង​វិបត្តិ​​កូ​វីដ​ប្រឈម​នឹង​ការលួចបន្លំ​សន្លឹកឆ្នោត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2020 ក+ ក-

​អាមេរិក ៖ ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ម្សិលមិញ បាន​ព​ន្ល​យ​ពាក្យ ជា​លើក​ទី​១​ដោយបាន​ស្នើ​ឲ្យ​លើក​ពេល​បោះឆ្នោត ឆ្នាំ ២០២០ ក្រោម​ហេតុផល​ថា ការបោះឆ្នោត​នៅក្នុង​កាលៈទេសៈ​កើតមាន​វិបត្តិ​កូ​វីដ នឹងត្រូវ​ប្រឈម​នឹង​ការលួចបន្លំ​សន្លឹកឆ្នោត​។ ប៉ុន្តែ​អ្វី​ជាការ​កត់សម្គាល់​បំផុត​នោះ​គឺ​ហេតុផល​នៃ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​របស់​អាមេរិក​ទៅវិញ​ទេ។​

​សូមជម្រាបថា សេដ្ឋកិច្ច​របស់​សហរ​ដ្ឋ​អាម៉េរិក​បាន​ដួលរលំ​ក្នុងពេល​កំពុងមាន​ជំងឺ​កូ​វីដ​១៩ ដែលជា​ការធ្លាក់ចុះ​ខ្លាំង​បំផុត​របស់ខ្លួន​ក្នុងពេលដែល ក្តីសង្ឃឹម​សម្រាប់​ការ​ងើប​ឡើងវិញ​បាន​ទទួលរង​ផលប៉ះពាល់​មួយទៀត​គឺ ខណៈ​ការបាត់បង់​ការងារ​បា​ន​កើនឡើង។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​កក្កដា។ តាម​ទិន្នន័យ​នោះ​សេដ្ឋកិច្ច​អាមេរិក​នឹង​ដួល​រំលំ​យ៉ាងយូរ​ត្រីមាស​ទី​២ នៃ​ឆ្នាំក្រោយ​។​

​ខណដែល​នៅក្នុង​បរិបទ​ដែល​អាមេរិក​កំពុង​ញាំញី​ដោយ​ជំងឺ​កូ​វីដ ដែល​ឆ្លងទៅ​មនុស្ស ជាង​៤​លាន​កន្លះ និង​សម្លាប់​មនុស្ស ជាង ១​សែន ៤​ម៉ឺន​នាក់​នោះ​រដ្ឋ​ជាច្រើន​បានស្នើ​ឲ្យ​រៀបចំ​ការបោះឆ្នោត​ពី​ចម្ងាយ ដើម្បី​ជៀសវាង​ការចម្លង​មេរោគ​កូ​រ៉ូ​ណា នៅក្នុង​ការប្រមូលផ្តុំ​នៅតាម​មណ្ឌលបោះឆ្នោត​។ រដ្ឋ​មួយចំនួន​បានអនុញ្ញាត​ឲ្យ​មាន​ប្រព័ន្ធ​បោះឆ្នោត ពី​ចម្ងាយ ដែល​ដំណើរការ​ជាច្រើន​ឆ្នាំ​មកហើយ និង​មិនដែល​ជួប​បញ្ហា ធំដុំ​ដូចជា​ការលួចបន្លំ​សន្លឹកឆ្នោត​នោះទេ​។​

​ប៉ុន្តែ​សម្រាប់​លោក​ត្រាំ​បាន​លើកឡើងថា ការបោះឆ្នោត ពី​ចម្ងាយ តាមរយៈ​សំបុត្រ អ៊ី​ម៉ែ​ល​សម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំ ២០២០​នឹង​ក្លាយជា​ការបោះឆ្នោត ដែល​មិនជា​ក់លាក់ និង​ការបន្លំ​សន្លឹកឆ្នោត ដ៏​សំខាន់​មួយ នៅក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។ ដូច្នេះ​គេ​គួរ​លើក​ថ្ងៃ​បោះឆ្នោត រហូតដល់​ពេលវេលា​មួយ ដែល​ប្រជាជន​អាច​បោះឆ្នោត ធម្មតា និង​ដោយ​សុវត្ថិភាព។​

​ការធ្លាក់ចុះ​ផលិតផល​ក្នុងស្រុក​សរុប ៣២,៩ ភាគរយ ទោះបី​ល្អ​ជាង​ការរំពឹងទុក គឺជា​បទពិសោធន៍​ដ៏​អាក្រក់​បំផុត​ដោយ​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក ចាប់តាំងពី​ឆ្នាំ ១៩៤៧ និង​បានបង្ហាញ​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វិបត្តិ​ដែល​កំពុង​កើតឡើង​យ៉ាង​ឆាប់រហ័ស​នេះ ដែល​បាន​បំផ្លាញ​ការងារ​រាប់សិប​លាន​រួចទៅហើយ​។​

​ខណៈ​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​នៅតែ​បន្ត​សន្យាថា​នឹង​មានការ​ស្តារឡើងវិញ​យ៉ាងខ្លាំង​នោះ ករណី​កូ​វីដ​១៩ បាន​កើន​ឡើងវិញ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​លុបបំបាត់​វឌ្ឍនភាព​មុននេះ​ឆ្ពោះទៅរក​ការ​ងើបឡើង​វិញ និង បង្ខំ​ឱ្យ​អាជ្ញាធរ​នៅក្នុង​រដ្ឋ​មួយចំនួន​ធ្វើការ​រឹតត្បិត​ឡើងវិញ ជាហេតុ​បញ្ជូន​កម្មករនិយោជិត​ត្រឡប់ទៅផ្ទះ​វិញ​។​

​ទិន្នន័យ​របស់​ក្រសួង​ការងារ​ចុងក្រោយបង្អស់​នេះ​បានបង្ហាញ​ពី​ការកើនឡើង​ដំបូងៗ​ប្រចាំ​សប្តាហ៍​ជាប់ៗ​គ្នា​នូវ​ការទាមទារ​អត្ថប្រយោជន៍​គ្រា​គ្មាន​ការងារ​ធ្វើ​បន្ទាប់ពី​មានការ​ធ្លាក់ចុះ​ការទាមទារ​ជាច្រើន​សប្តាហ៍ ដោយ​ជំរុញឱ្យមាន​ការអំពាវនាវ​ជាថ្មី​ដល់​សភា​ដើម្បី​អនុម័ត​ការចំណាយ​បន្ទាន់​ថ្មី​ជុំ​បន្ទាប់​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​៕