ស្ត្រីមេផ្ទះនៅក្នុងសហគមន៍នៃឃុំ គយមែង ស្រុកមង្គលបូរីអាចរកប្រាក់ចំណូលតាមរយៈតម្បាញកន្ទេលកក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 August, 2020 ក+ ក-

ខេត្តបន្ទាយមានជ័យ ៖ ស្ថិតក្នុងសភាពការដែលយើងទាំងអស់គ្នាបាន និងកំពុងបន្តរួមគ្នាប្រយុទ្ធ ប្រឆាំងការឆ្លងរីករាលដាលនឹងជំងឺកូវីដ-១៩មន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ បានសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន (GIZ) ដោយប្រើប្រាស់ថវិកាបដិភាគរាជរដ្ឋាភិបាលកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលចំនួន២វគ្គ រួមមាន៖ វគ្គបណ្ដុះបណ្ដាលស្តីពីជំនាញតម្បាញកន្ទេលកក់និងលើកកូម និងវគ្គបណ្ដុះបណ្ដាលស្តីពីការអភិវឌ្ឍន៍សហគ្រិនស្រ្តី ជូនដល់បងប្អូនប្រជាពលរដ្ឋជាស្រ្តីវ័យចំណាស់ រស់នៅក្នុងភូមិអង្ករខ្មៅ ឃុំគយមែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ក្រោមវត្តមាន លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ និងក្រុមការងារ រួមជាមួយអាជ្ញាធរមូលដ្ឋានបងប្អូនប្រជាពលរដ្ឋប្រមាជាង៤០គ្រួសារ ។
លើកឡើងក្នុងឱកាសនោះ លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ បានសំណូមពរដល់បងប្អូនដែលជាសិក្ខាកាមទាំងអស់ ត្រូវចូលរួមយកចិត្តទុក្ខដាក់ក្នុងការរៀនសូត្រ ជាពិសេសសូមព្យាយាមស្វែងយល់បន្ថែមនូវវិធីសាស្រ្ត និងរបៀបល្អៗក្នុងមុខរបរតម្បាញកន្ទេលកក់ ដូចជាការកែលម្អការប្រមូលផលកក់ កាជ្រៀកកក់ របៀបលាយពណ៌ល័ក្ខ របៀបជ្រលក់ពណ៌ល័ក្ខ និងរបៀបត្បាញទៅតាមម៉ូតផ្សេងៗ។ សូមប្រឹងប្រែងលើការអនុវត្តជាក់ស្តែង ដើម្បីពង្រឹង និងពង្រីកទៅតាមតម្រូវការទីផ្សារអោយកាន់តែល្អប្រសើរ។
លោកស្រី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានបញ្ជាក់ថា៖ក្នុងនាមយើងជា មន្ទីរជំនាញ និងបន្តខិតខំប្រឹងប្រែងសហការណ៍គ្នាក្នុងកាជួយផ្គត់ផ្គង់ដល់ជីវភាពស្រ្តីវ័យចំណាសគ្មានការងារធ្វើ និងពុំអាចទៅណាបានឆ្ងាយ អោយបែរមកចាប់យកជំនាញបន្ថែម បែបលក្ខណៈគ្រួសារដោយច្នៃម៉ូតតម្បាញកន្ទេលកក់ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។
បច្ចុប្បន្ន យើងទាំងអស់គ្នាបាន និងកំពុងបន្តរួមគ្នាប្រយុទ្ធ ប្រឆាំងការឆ្លងរីករាលដាលនឹងវីរុសកូវីដ-១៩ ជាពេលវេលាដែលមិនអាចចេញទៅណាបាន ពិសេសមិនអាចរកប្រាក់ចំណូលបាន ដូច្នេះយើងនៅផ្ទះ យើងមានជំនាញតម្បាញដែលអាចទាញយកប្រាក់ចំណូលប្រចាំថ្ងៃសម្រាប់បំពេញបន្ថែមជីវភាពគ្រួសារ។
លោកស្រី ម៉េង គឹមហួយ សូមបងប្អូន អុំ ពូមីងយើងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចដោយយកចិត្តទុក្ខដាក់ថែរក្សាសុខភាពរបស់ខ្លួនដើម្បីរួចផុតពីការឆ្លងជំងឺកូវីដ-១៩ និងពីជំងឺ គ្រុនឈីក ក៏ដូចជាពីជំងឺផ្សេងទៀតផងដែរ៕