ពលរដ្ឋ​វៀតណាមជាង​៥​លាន​នាក់​នឹង​បាត់បង់​ការងារ​អំឡុង​ត្រីមាស​ទី​៣ ឆ្នាំ​​នេះ​ដោយសារកូវីដ-១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 August, 2020 ក+ ក-

​វៀតណាម ៖ អត្រា​នៃ​ការបាត់បង់​ការងារ​រ​បស់​ប្រជាពលរដ្ឋ​វៀតណាម​បានកើត​ឡើង​យ៉ាងគំហុក​អំឡុង​ពេលដែល​ស្ថានភាព​រាតត្បាត​កូ​វីដ​១៩​នៅ​ប្រទេស​នេះ​ត្រូវបាន​គេ​មើលឃើញថា កាន់តែ​អាក្រក់​ខ្លាំង​ឡើង​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ។

សហគ្រាស​ប្រមាណ​ជា ៧០% ក្នុងប្រទេស​នេះ បាន​រង​ផលប៉ះពាល់​ពីរ​លក​រាតត្បាត​ទី ២ ដែល​ផ្ទុះឡើង​ប្រមាណ​ជាង ១​សប្តាហ៍​មកហើយ ហើយ​បើតាម​ការរំពឹងទុក ពលរដ្ឋ​វៀតណាម ចន្លោះ​ពី ៣,៥​ទៅ​៥ លាន​នាក់ និង​បាត់បង់​ការងារ​ទាំង​គ្មាន​សំណង ឬ​ត្រូវ​កាត់បន្ថយ​ម៉ោង​ធ្វើការ អំឡុង​ត្រីមាស​ទី ៣ នៅ​ឆ្នាំនេះ​។

​លោក Le Van Thanh អនុរដ្ឋមន្ត្រី​ក្រសួង​ការងារ​បាន​បញ្ជាក់ថា បណ្តា​ទីក្រុង និង​ខេត្ត​ជាច្រើន​ទូទាំងប្រទេស សុទ្ធតែ​រាយការណ៍​ករណី​រកឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ថ្មី បង្ខំ​ឲ្យ​រដ្ឋាភិបាល​ដាក់ចេញ​វិធានការ​គម្លាត​សង្គម​កាន់តែ​តឹងរឹង​។ លោក​អះអាងថា អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​រៀ​ត​ណា​ម កំពុង​កើនឡើង​ចន្លោះ​ពី ៦០ ០០០ ទៅ ៧០ ០០០​នាក់​ក្នុង​មួយខែៗ ហើយ​ភាគច្រើន​ស្ថិតក្នុង​វិស័យ​ទេសចរណ៍​សុខាភិបាល វិស័យ​ចំណីអាហារ សំណង់ ដឹកជញ្ជូន និង​វិស័យ​រោងចក្រ៕