ក្រសួងមហាផ្ទៃ បន្តពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 August, 2020 ក+ ក-

ភ្នំពេញ ៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួល បន្ទុកក្រុមប្រឹក្សានីតិកម្ម បានចូលរួមពិនិត្យសេចក្តីព្រាង ច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន នៅព្រឹកថ្ងៃទី០៤ ខែសីហា នៅទីស្តីការក្រសួងមហាផ្ទៃ។

សូមជម្រាបថា សេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេក វិទ្យាព័ត៌មាននេះ មានគោលបំណងធានា សុច្ចរិតភាព នៃការប្រើប្រាស់ ការគ្រប់ គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាពបុគ្គល ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសបច្ចេកវិទ្យាព័ត៌មាន។ ជាងនេះទៅទៀត ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលប្រព្រឹត្ត នៅ ក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជា ហើយដែលអំពើនោះធ្វើឲ្យប៉ះពាល់ដល់រូបវន្តបុគ្គល នីតិបុគ្គល សន្តិសុខ សណ្តាប់ធ្នាប់ របៀប រៀបរយសាធារណៈ ឬផលប្រយោជ ន៍របស់ព្រះរាជាណា ចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះមាន ៨ជំពូក និង៥០មាត្រា ហើយក្រុម ការងារបាននិងកំពុងតែប្រមូលធាតុផ្សំផ្សេងៗ ដែលពាក់ព័ន្ធ ដើម្បីដាក់ចូលទៅក្នុងសេចក្តីព្រាងច្បាប់នេះ ហើយខ្លឹមសារនៅក្នុងច្បាប់នេះ ក៏មានចែងអំពីការផ្ដន្ទាទោសផងដែរ។ សូមបញ្ជាក់ថា កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដី ព្រាង ច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មានបានរៀបចំប្រជុំអន្តរក្រសួង និងអន្តរអគ្គនាយកដ្ឋានសរុបទាំងអស់ ៥២លើក ដោយ ឡែកកិច្ចប្រជុំក្នុងក្របខណ្ឌអគ្គនាយកដ្ឋាន៨លើក៕