លោក ឃួង​ ស្រេង​ អញ្ជើញទទួលទេយ្យទានសប្បុរសធម៌ពីព្រះចៅអធិការវត្តប្រាសាទ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 August, 2020 ក+ ក-

ភ្នំពេញ ៖​ នាព្រឹកថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​ ០៥​ ខែ​ សីហា ឆ្នាំ​ ២០២០​នេះ​​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោក​ ឃួង​ ស្រេង​ ប្រធានគណៈកម្មាធិការ​សាខា​ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពី ព្រះឧត្តមធម្ម​ សោម ស៊ីម ព្រះធម្មធរអនុគណខណ្ឌព្រែកព្នៅ និងជាព្រះចៅអធិការវត្តប្រាសាទ។

ក្នុងឱកាសនោះព្រះឧត្តមធម្ម​ សោម ស៊ីម បានមានព្រះថេរដីកាកោតសរសើរ​គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

ជាការឆ្លើយតប លោក​ ឃួង​ ស្រេង​ បានមានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ព្រមទាំងសូមថ្លែងអំណរព្រះគុណ​ អំណរគុណ​ចំពោះព្រះឧត្តមធម្ម​ សោម ស៊ីម ព្រះសង្ឃ​ គណៈកម្មការ អាចារ្យ​ វត្តទាំងអស់​ ដែលតែងតែបានបរិច្ចាគទេយ្យទានជូនដល់សាខា​កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ក្នុងការចូលរួមជាមួយសកម្មភាពមនុស្សធម៌។ ទន្ទឹមនោះ លោកបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម។

ទេយ្យទានដែលសាខាបានទទួលរួមមាន ៖​ គ្រឿងឧបភោគបរិភោគ​ សម្ភារៈប្រើប្រាស់ចំនួន១២មុខស្មើនឹង២១.២៦៤.០០០រៀល​ និងថវិកាចំនួន៣ពាន់ដុល្លារអាមេរិក​។​ ដោយឡែក ព្រះឧត្តមធម្ម​ សោម ស៊ីម​ ក៏បានប្រគល់ទេយ្យទានជូនដល់ក្រុមកាកបាទក្រហមកម្ពុជា សង្កាត់ពញាពន់ និងក្រុមកាកបាទក្រហមកម្ពុជា ឃុំឈ្វាំង ក្នុង១ក្រុមៗទទួលបាន៖ គ្រឿងឧបភោគបរិភោគចំនួន៦មុខ និងថវិកាចំនួន១លានរៀលផងដែរ​ ៕