ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត១៩លាននាក់ ស្លាប់ជាង៧១ម៉ឺននាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 August, 2020 ក+ ក-

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៨,៩៥៦,៤២៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៧១០,០៣៣នាក់ និងជាសះស្បើយឡើងវិញ ១២,១៤១,៨០៩នាក់។

គេហទំព័រដដែលបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៩៧៣,១៥៥នាក់ ស្លាប់ចំនួន ១៦១,៥៧៨នាក់ និងជាសះស្បើយចំនួន ២,៥២៩,៨១៧នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២,៨៦២,៧៦១នាក់ ស្លាប់ចំនួន ៩៧,៤១៨នាក់ និងជាសះស្បើយ ២,០២០,៦៣៧នាក់ ខណៈប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១,៩៦៣,២៣៩នាក់ ស្លាប់ ៤០,៧៣៩នាក់ និងជាសះស្បើយ ១,៣២៧,២០០នាក់៕