ឆេះ​ក្លឹប​កំសាន្ត Key Club នៅ​សង្កាត់​ចាក់អង្រែ ស្លាប់​៥​នាក់ របួសធ្ងន់​ស្រាល ៧ នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 September, 2015 ក+ ក-

​ភ្នំពេញ​: យ៉ាងហោចណាស់​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់ បាន​ស្លាប់ និង​៧​នាក់​ផ្សេងទៀត​បាន​រងរបួស​យ៉ាង​អាណោចអាធម៌​កាលពី​ម៉ោង​ជិត ៩ យប់ ថ្ងៃទី​៧​កញ្ញា ក្នុង​គ្រោះ​អគ្គីភ័យ​ដ៏​កាច​សាហាវ​មួយ​ឆេះ​ក្លឹប​កំសាន្ត Key Club នៅ​ចាក់អង្រែ តាមផ្លូវ​ជាតិ​លេខ​២ ក្នុង​រាជធានី​ភ្នំពេញ​។

​សមត្ថកិច្ច​អះអាងថា គ្រោះ​អគ្គីភ័យ​នេះ បណ្តាល​ឲ្យ​របួសធ្ងន់យ៉ាងហោច ណាស់ ៧ នាក់ ( ស្រី ៤ នាក់ ) និង​ស្លាប់​ប្រមាណ​៥​នាក់ ក្រោយពេល​ក្រុមគ្រូពេទ្យ​ព្យាយាម​យ៉ាង​យកចិត្តទុកដាក់​សង្គ្រោះ​ពួកគាត់​មិនបាន​សម្រេច ដោយ​ការឆេះ​រលាក​ពេញ​ខ្លួន ពេល​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅពេល​ឆេះ​ភ្លាមៗ គេ​ឃើញ​បុរស​ពីរ​នាក់​បាន​រត់​ចេញមក​ក្រៅ ហើយ​បាន​រងរបួស​ធ្ងន់​ឆេះ​រលាក​ពេញ​ខ្លួន​។ មួយសន្ទុះ​ក្រោយមក ទើប​ក្រុមប៉ូលិស​សង្គ្រោះបាន​ព្យាយាម​ចូល ទៅ​ខាងក្នុង​ដើម្បី​ជួយ​ជនរងគ្រោះ​នៅក្នុង​ក្លឹប​នោះ គឺ​នៅ​ម៉ោង​ប្រមាណ ១០ យប់​នេះ ។​ខ​ណះ​នោះ​ឃើញ​មាន​មនុស្ស ៥ នាក់​ទៀត ( ស្ត្រី ៤ នាក់ )​ត្រូវ​ភ្លើង​ឆេះ​រលាក​ពេញ​ខ្លួន ហើយ​បាន​សែង​យក​ចេញមកក្រៅ​រួច​បញ្ជូន ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​ភ្លាមៗ ប៉ុន្តែ​ជា​អកុសល ព័ត៌មាន​ចុង ក្រោយ​បាន​ឲ្យ​ដឹងថា អ្នក​ទាំង​៥​នាក់​នោះ​គ្រូពេទ្យ​មិនអាច​សង្គ្រោះ​ជីវិត​ពួកគាត់​បានឡើយ​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រហូតដល់​ម៉ោង ១០ និង ២០ នាទី ខាង​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​រាយការណ៍​ថា មាន​បុរសរងគ្រោះ​ម្នាក់ ដោយ​ការឆេះ​ភ្លើង​នោះ បាន​បាត់​បង់ជីវិត ហើយ​ក្រោយមក ក៏មាន​ស្ត្រី ៤ នាក់​ទៀត ដែល​រងគ្រោះ​ក៏បាន​ស្លាប់​ជា​បន្តបន្ទាប់​ផងដែរ​។ សាកសពត្រូវ បាន​គេ​បញ្ជូនទៅ​តម្កល់​នៅ​វត្ត​ស្ទឹងមានជ័យ​ដើម្បី​ឲ្យ​ក្រុមគ្រួសារ​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​។​

សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​អះអាងថា អ្នកស្លាប់​រួមមាន​បុគ្គលិក​ទី​១-​ឈ្មោះ កែ លី​យ៉ា អាយុ​១៦​ឆ្នាំ ស្នាក់​ភូមិ​ព្រែ​ករាំង​១ សង្កាត់ កំពុង​សំណាញ់ ក្រុង​តាខ្មៅ ស្លាប់ ទី​២-​ឈ្មោះ សៅ មេសា អាយុ​១៩ ស្នាក់​ភូមិ​ព្រែ​ករាំង​១ សង្កាត់ កំពុង​សំណាញ់ ក្រុង​តាខ្មៅ រោងចក្រ ស្លាប់ ទី​៣-​ធឿន ស្រី​រដ្ឋ អាយុ​១៧​ឆ្នាំ ស្នាក់​ភូមិ​ព្រែ​ករាំង​១ សង្កាត់ កំពុង​សំណាញ់ ក្រុ​តាខ្មៅ ស្លាប់​។ ចំណែកឯ​សាកសព​ជនរងគ្រោះ ២​នាក់ និងអ្នករបួស ២​នាក់​ទៀត ដែល​រងរបួស​ធ្ងន់ធ្ង​រ​នោះ​សត​ម្ថ​កិច្ច​នៅ​មិនទាន​ស្គាល់​អត្ត​ញ្ញាណ​នៅឡើយ ទេ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា ហេតុការណ៍​អគ្គិភ័យ​នេះ​កើតឡើង​ប្រមាណ​ជា​២​ម៉ោង​ក៏​ពន្លត់​រលត់​វិញ ដោយ​សមត្ថកិច្ច​លោក​អន្តរាគមន៍​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ជា ច្រើន​គ្រឿង ហើយ​បាន​ទប់ស្កាត់​មិន​ឲ្យ​រាលដាល​ទៅដល់​ផ្ទះ​ជិតខាង​ឡើយ​។ តែ​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ដ៏​រន្ធត់ មួយ​នេះ បានសម្លាប់​មនុស្ស​ប្រុស​ម្នាក់ និង​មនុស្ស​ស្រី ៤​នាក់​ជា​បុគ្គលិក ធ្វើការ​ក្នុង​ក្លិប​នេះ​តែម្តង​។​

​សមត្ថកិច្ច​បន្តទៀតថា ជនរងគ្រោះ​ដែល​ស្លាប់​ខាងលើនេះ គឺ​បណ្តាល មកពី​ឈ្លក់ផ្សែង ទើប​ធ្វើ​ឲ្យ​បាត់បង់​ខ្យល់​អុកស៊ីហ្សែន និង​អ្នក​ត្រូវ​ភ្លើង​ឆាបឆេះ​អស់​មួយ​ចំហៀង​ខ្លួន​ក៏មាន ទើប​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​ស្លាប់​តែម្តង​។​

​សូម​រម្លឹកថា កាលពី​ម៉ោង​ប្រមាណ ១០ ព្រឹក ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ ក្លឹប​កំសាន្ដ “​ឃី​ក្លឹប “​នោះ ក៏​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ម្តង​ដែរ ដែល​កាល នោះ​បណ្តាលមកពី​ការធ្វេសប្រហែស​របស់​អ្នកគ្រប់គ្រង​ក្លឹប និង​ជាងផ្សា ដែក​ខ្វះ​បច្ចេកទេស​ធ្វើឱ្យ​ធ្លាក់​កម្ទេច​ភ្លើង​ចំ​សា​ឡុង សម្រាប់​ភ្ញៀវ​អង្គុយ​ក្នុង​បន្ទប់​ខារ៉ាអូខេ រួច​ឆាបឆេះ​យ៉ាងខ្លាំង​បណ្ដាលឱ្យ​មនុស្ស ៣ នាក់ ស្លាប់ រួមមានប្រពន្ធ​ថៅកែ​ក្លឹប បុគ្គលិក​គ្រប់គ្រង​ស្រា​បៀរ និង​សន្តិសុខ​ម្នាក់ បាន​ស្លាប់​នៅក្នុង​អណ្ដាតភ្លើង​នោះដែរ​។​

​សមត្ថកិច្ច​នៅ​មិនទាន់​រាយការណ៍​លម្អិត​ពី​ទំហំ​នៃ​ការខូចខាត​ដោយ​គ្រោះ​អ​គី្គ​ភ័យ​នោះ​នៅឡើយ​ទេ​៕​ដោយ​:​រដ្ឋា​

mkjnbb

dcfxdcc